អាជ្ញាធរខេត្តកែបបើកសម្ភោធរូបសំណាក “ព្រាប ស”សមិទ្ឋផលថ្មី របស់ខេត្ត

 ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ថ្នាក់ដឹកនាំខេត្តកែប បានប្រារពពិធីសម្ពោធរូបសំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ ១៣៣៥ ចូលទៅកាន់តំបន់ភ្នំវល្លិ៍

ខេត្តកែប​ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣​ នេះ។

លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណ:អភិបាលខេត្ត បានអញ្ជើញសម្ពោធរូបសំណាក “ព្រាប ស” ត្រង់ចំណុចផ្លូវលេខ១៣៣៥​ ចូលទៅកាន់តំបន់ភ្នំវល្លិ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់លោក ឆាង ឆៃ​អភិបាលនៃណ:អភិបាលស្រុក ដំណាក់ចង្អើរបានអោយដឹងថា រូបសំណាក​ “​ព្រាប ស “​ នេះជាគំនិតផ្ដួចផ្ដើមរបស់​ លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធា​រណ:ការ​ និងដឹកជញ្ជូន នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា។

សម្រាប់ការចាប់ផ្តើមដំណើរការសាងសង់ រូបសំណាកនេះគឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់ជាស្ថាពរ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ​ ដោយចំណាយថវិការសរុប ១៤,៣០០ដុល្លារគត់​។

លោកសោម ពិសិដ្ឋ បានមានប្រសាសន៍ថា ការសាងសង់រូបសំណាក​ “​ ព្រាបស “​ នៅលើទីតាំងនេះ គឺចង់បញ្ជាក់អំពីតម្លៃ និងនិមិត្តរូបនៃសន្តិភាព ដែលបង្កឱកាសឱ្យយើងទាំងអស់គ្នា អភិវឌ្ឍសហគមន៍​ ក៏ដូចជាប្រទេសជាតិយើងឱ្យមានការរីកចម្រើន។​

លោកបានរំលឹកថា តំបន់ភ្នំវល្លិ៍នេះធ្លាប់ជាទីតាំង សមរភូមិសង្គ្រាមដ៏ក្តៅគគុក និងជាកន្លែងលាក់ខ្លួន ធ្វើសកម្មភាពរបស់កងទ័ពខ្មែរក្រហម ប៉ុន្តែក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៤ កម្លាំងទ័ពខ្មែរក្រហម បានធ្វើសមាហរណកម្ម ចូលរួមជាមួយរដ្ឋាភិបាល ភ្លើងសង្គ្រាមនៅទីតាំងនេះក៏បានរលត់ ប្រជាជនរស់នៅបានសុខសន្តិភាព ហើយបច្ចុប្បន្ន បានប្រែក្លាយជាតំបន់អភិវឌ្ឍកសិកម្ម ដ៏មានសក្តានុពលរបស់ខេត្តកែប។

លោកបានបន្ថែមថា រូបសំណាក​”​ ព្រាបស”​ ត្រដាងស្លាប នាដើមផ្លូវលេខ១៣៣៥នេះ នឹងធ្វើឱ្យអ្នកដំណើរតាមផ្លូវជាតិលេខ៣៣ ងាកមកចាប់អារម្មណ៍ទីតាំងនៃតំបន់អេកូទេសចរណ៍ និងកសិទេសចរណ៍ភ្នំវល្លិ៍ ដែលពោរពេញដោយ ទេសភាពដ៏ស្រស់បំព្រង ដែលគ្របដណ្តប់ទៅដោយដំណាំកសិកម្ម ព្រៃភ្នំដ៏ខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធ ហើយទៅថ្ងៃអនាគត ទីតាំងនេះ ក៏នឹងក្លាយទៅជាតំបន់កសិឧស្សហកម្មផងដែរ។

លោកសោម ពិសិដ្ឋបានបញ្ជាក់អះអាងថា លោកនឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់ភ្នំវល្លិ៍ឱ្យដូចជាសរសៃឈាម និងជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ខេត្តកែប ដែលភ្ញៀវទេសចរអាចមកលេង ទឹកសមុទ្រ ញ៉ាំអាហារសមុទ្រដ៏មានឱជារស ហើយបន្តដើរកំសាន្តអេកូទេសចរណ៍ លើខ្នងភ្នំវល្លិ៍ និងកសិទេសចរណ៍នៃតំបន់នេះថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here