ក្រសួងសាធារណៈការត្រៀមរៀបចំសន្និបាតការងារប្រចាំឆ្នាំនៅខែកុម្ភៈខាងមុខនេះ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ កិច្ចប្រជុំបន្តដើម្បីត្រៀមរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលនឹងប្រព្រឹត្តទៅនាដើមខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។

កិច្ចប្រជុំនេះបានដឹកនាំដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើដំណើរការរៀបចំការងារ ដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការ សម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង ដើម្បីញ៉ាំងឱ្យកម្មវិធីនាឱកាសនោះ អាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសឿន ប៊ុនលី អគ្គនាយកផែនការ និងគោលនយោបាយបានរាយការណ៍ជូនអង្គប្រជុំ អំពីវឌ្ឍនភាពនៃការបូកសរុប និងត្រួតពិនិត្យរបាយការណ៍ ដែលមកដល់ពេលនេះ សម្រេចបានចំនួន៩៨% ក្នុងនោះគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំ រួមទាំងអង្គភាពជំនាញពិនិត្យ និងផ្តល់ធាតុចូលបន្ថែមនាដើមសប្តាហ៍ក្រោយ មុននឹងដំណើរការបោះពុម្ពសៀវភៅសន្និបាតផ្លូវការនៅពាក់កណ្តាល ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

អង្គប្រជុំបានពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ រយៈពេលនៃការរៀបចំពិធីសន្និបាត ការសម្របសម្រួលលើចំនួន និងរយៈពេលនៃបទអន្តរាគមន៍នីមួយៗ ការពិនិត្យលើពង្រាងប្រធានបទសន្និបាត ការរៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំ ព្រមទាំងការរៀបចំលិខិតអញ្ជើញថ្នាក់ដឹកនាំ និងការត្រៀមនូវបច្ចេកទេសផ្សេងៗសម្រាប់កម្មវិធីសន្និបាតនាឱកាសនោះ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានលើកទឹកចិត្ត និងបានផ្តាំផ្ញើឱ្យគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ សម្រេចបញ្ចប់ភា​រកិច្ចការងារដែលបានដាក់ជូនឱ្យបានល្អប្រសើរ និងឆាប់រហ័សតាមផែនការដែលបានកំណត់ ដើម្បីគោរពជូនលោកទេសរដ្ឋមន្ត្រីពិនិត្យ សម្រេចលើការរៀបចំសន្និបាតនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here