កម្ពុជានឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ៣មុខបន្ថែមទៀត នៅឆ្នាំ២០២៣

ដោយ៖ សុធីតា

ភ្នំពេញ៖ ផលិតផលចំនួន៣មុខទៀត មានដូចជា អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ កំពុងត្រូវបានក្រសួងពាណិជ្ជកម្មរៀបចំក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅក្នុងឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

គិតមកទល់ពេលនេះ មានផលិតផលកម្ពុជាប្រមាណ២០មុខហើយ ដែលត្រូវបានក្រសួងពាណិជ្ជកម្មបាន និងកំពុងសិក្សាស្រាវជ្រាវ និងកំណត់យកជាផលិតផលសក្ដានុពលសម្រាប់ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ាង ថៃ បានបញ្ជាក់ថា នាយកដ្ឋានកម្មសិទ្ធបញ្ញា នៃក្រសួងណិជ្ជកម្មក៏កំពុងសហការជាមួយអង្គការ UNIDO ដើម្បីចុះសិក្សាស្រាវជ្រាវ និងកំណត់យកផលិតផលសក្ដានុពល៣មុខទៀត រួមមាន “បង្គាក្រៀមកំពុងសោម បង្គាក្រៀមកោះកុង និងប្រហុកសៀមរាប” ដើម្បីចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

លោកឱ្យដឹងទៀតថា ក្រសួងកំពុងស្នើសុំអង្គការ WIPO ចុះសិក្សា និងវាយតម្លៃលើផលិតផលនេសាទ “ក្ដាមថ្មកោះកុង” និងរៀបចំចុះបញ្ជី “អង្ករបាត់ដំបង” ដើម្បីការពារជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ “ក្រូចថ្លុងកោះពីរ” ក្នុងខេត្តត្បូងឃ្មុំ ក៏គ្រោងនឹងរៀបចំចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញផងដែរ។

ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ពិតជាមានសារសំខាន់ណាស់ ព្រោះវាជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលត្រូវបានសកលលោកចាត់ទុកថា ជាឈោ្មះឬសញ្ញាសម្គាល់ ប្រើប្រាស់លើទំនិញមានក្នុងតំបន់ភូមិសាស្ត្រជាក់លាក់ និងមានគុណភាព ឬកេរ្តិ៍ឈ្មោះ ដែលផ្សារភ្ជាប់នឹងទីតាំងភូមិសាស្ត្រ និងជាប្រភពកំណត់អត្តសញ្ញាណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here