មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំកិច្វប្រជុំគណៈកម្មការ សេដ្ឋកិច្ចចម្រុះកម្ពុជា តួកគី

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី នៅកម្ពុជា។

កិច្ចប្រជុំអន្តរក្រសួងនេះ ធ្វើឡើងពិភាក្សាលើកំណត់ហេតុរួមនៃកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំអន្តរក្រសួងនេះ មានការចូលរួមពី ឯកឧត្តម លោកលោកស្រី ថ្នាក់ដឹកនាំ-មន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៤ស្ថាប័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវតឹករ៉េក កំរ៉ងបានស្នើដល់តំណាងអន្តរក្រសួងទាំង១៤ស្ថាប័ន ចូលរួមពិភាក្សានិងផ្តល់ធាតុចូល ឱ្យបានផុសផុលលើសេចក្តីព្រាងកំណ​ត់ហេតុរួម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី នាពេលខាងមុខឱ្យទទួលជោគជ័យនិងប្រកបដោយប្រសិទ្ធភាព។

ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលគ្របដណ្ដប់លើវិស័យអាទិភាពរួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរ ស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត ក្នុងន័យជំរុញ និងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ស្របតាមគោលនយោបាយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ឡើងវិញ បន្ទាប់ពី ការរងវិបត្តិសកលកូវីដ១៩។

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបាន៤៦២,៦៣លានដុល្លារអាមេរិក ក្នុងរយៈពេល៥ឆ្នាំ(២០១៧-២០២១)។ ចំណែក ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២ សម្រេចបានរហូតដល់ ១៣៦.១៤៩ លានដុល្លារអាមេរិក ដែលកើនឡើង ៦៣.៦% បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២១។

កម្ពុជានាំចេញមុខទំនិញ ទៅ តួកគី ដូចជា៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ អង្ករ ។ល។ ដោយឡែកការនាំចូលទំនិញពីតួកគី មានដូចជា៖ ម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here