ប្រទេសជប៉ុនគ្រោងស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកលើផែនការ យុទ្ធសាស្ត្រការពារជាតិថ្មីរបស់ខ្លួន

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោកចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោកFumio Kishida ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទល់មុខគ្នា នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ។

ជំនួបរវាងសហរដ្ឋអាមេរិក និងដៃគូអាស៊ីដ៏សំខាន់របស់ខ្លួន ក្នុងការក្រោកឈរឡើង ចំពោះការកើនឡើងឥទ្ធិពលរបស់ចិន បានកើតមានឡើង ស្របពេលដែល ប្រទេសកូរ៉េខាងជើង បានតេស្តសាកល្បងកាំជ្រួច និងអំពាវនាវ ឱ្យមានការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងនេះ ដោយធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកមានក្តីបារម្ភនៅក្នុងតំបន់។

លោក Kishida គ្រោងនឹងពិភាក្សា អំពីគោលនយោបាយសន្តិសុខថ្មីរបស់ទីក្រុងតូក្យូ ក្នុងការកសាងយោធាដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមលោកលើកទី២។ នេះបើយោងតាមការចុះផ្សាយដោយ កាសែតប្រចាំថ្ងៃ Yomiuri របស់ជប៉ុន កាលពីសប្តាហ៍មុន ដោយដកស្រង់ប្រភពរដ្ឋាភិបាលជប៉ុន ដែលមិនបញ្ចេញអត្តសញ្ញាណជាច្រើន។

សេតវិមានអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើផែនការណាមួយសម្រាប់កិច្ចប្រជុំនេះទេ ដោយខ្លួនមិនបានប្រកាស ហើយស្ថានទូតជប៉ុន ក៏បានបដិសេធមិនបញ្ជាក់កាលបរិច្ឆេទផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២២ លោកចូ បៃដិន បានសាទរចំពោះការប្តេជ្ញាចិត្តរបស់ លោក Kishida ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ជប៉ុន។

ផែនការការពារជាតិ ក្នុងទំហំទឹកប្រាក់៣២០ពាន់លានដុល្លាររបស់ជប៉ុន រួមមាន ការទិញមីស៊ីល  ដែលមានសមត្ថភាពវាយប្រហារប្រទេសចិន និងត្រៀមខ្លួនសម្រាប់ជម្លោះរយៈពេលវែង ស្របពេលមានក្តីបារម្ភថា សង្គ្រាមឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន អាចជំរុញប្រទេសចិនឱ្យធ្វើសង្គ្រាមជាមួយកោះតៃវ៉ាន់ ដែលជាអ្នកជិតខាងរបស់ជប៉ុន។

ប្រទេសជប៉ុន ក៏នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមប្រទេសG7 នៅឆ្នាំ២០២៣នេះ រួមទាំងកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំ នៅក្នុងខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែល លោក ចូ បៃដិនគ្រោងនឹងចូលរួមផងដែរ។

សមាជិករបស់ក្រុមប្រទេស G7 នេះ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងកាណាដា នឹងផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ លោកចូ បៃដិន ក្នុងការធ្វើឱ្យ សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិក មានភាពរស់រវើកឡើងវិញ ដើម្បីប្រឆាំងនឹងការគំរាមកំហែ​ងពីប្រទេសចិន រុស្ស៊ី និងលើសពីនេះ។

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Yoshimasa Hayashi បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មាន Reuters NEXT ថា ប្រទេសជប៉ុននឹងប្រើប្រាស់តួនាទីដឹកនាំG7 និងអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

លោក Christopher Johnstone ប្រធានកម្មវិធីជប៉ុននៅមជ្ឈ​ម​ណ្ឌលគិតគូរផ្នែកយុទ្ធសាស្ត្រ និងអន្តរជាតិនៃទីក្រុងវ៉ាស៊ីនតោន បានមានប្រ​សា​សន៍ថា ដំណើរទស្សនកិច្ចរបស់ លោកKishida នឹងពង្រឹងជំហររបស់ជប៉ុន ក្នុងនាមជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកបានបន្តថា លោក Kishida នឹងស្វែងរកការយល់ព្រមពីលោក ចូ បៃដិន លើយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិរបស់ជប៉ុន និងជាពិសេស ការគាំទ្រលើការទិញសមត្ថភាពប្រឆាំង ការវាយប្រហាររបស់សហរដ្ឋផងដែរ។

យុទ្ធសាស្ត្រការពារជាតិរបស់ជប៉ុន ទាមទារឱ្យមានការដាក់ឱ្យប្រើប្រាស់កាំជ្រួចTomahawk ផលិតដោយសហរដ្ឋអាមេរិក ក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាកំណត់នោះទេ។

លោកChristopher Johnstone បន្ថែមថា លោក Kishida នឹងស្វែងរកការគាំទ្រ របស់ប្រធានាធិបតីអាមេរិក ដើម្បីចាត់ចំណាត់ការយ៉ាងឆាប់រហ័ស។

សហរដ្ឋអាមេរិក និងជប៉ុន ក៏នឹងផ្តោតយ៉ាងខ្លាំងលើបញ្ហា សន្តិសុខផ្នែកសេដ្ឋកិច្ច ទាក់ទងនឹងប្រទេសចិន រួមទាំងកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យការនាំចេញ សម្រាប់បច្ចេកវិទ្យានានា ដូចជា បន្ទះ semiconductors ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here