ទំហំពាណិជ្ជកម្មកម្ពុជា ថៃកើនដល់ទឹកប្រាក់ជិត៤៣០០លានដុល្លារ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​ថៃបាន​កើន​ដល់​៤,២៩​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១១ ​ខែ​ដំបូង​ឆ្នាំ​ ២០២២ កើន​ជាង ១៨,៣ ​ភាគរយ​ពី​ចំនួន​ជាង ៣,៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្នុងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការនាំ​ចេញពី​កម្ពុជា​សម្រេចបាន​ជាង៧៥៦​លាន​ដុល្លារ កើនឡើង​ពី៥៥៨,៦​លាន​ដុល្លារ ស្មើនឹង ៣៥,៤ ភាគរយ ខណៈ​ការ​នាំចូល​បាន​កើន​ជិត៣,៥៤​ ពាន់​លាន​ដុល្លារ ពី​ចំនួន​ជិត៣ពាន់​លាន​ដុល្លារ ស្មើ ១៥,២ ភាគរយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​លោក សរ សារិន អនុប្រធាន​ក្រុម​ប្រឹក្សា​ធុរកិច្ច​កម្ពុជា ​(CBC) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក បានឱ្យដឹងថា ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​២​ កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​ជំរុញ​ការផ្លាស់ប្តូរ​ទំនិ​ញ​ប្រទេសជិតខាង​ទាំង​២ បូករួម​នឹង​កំណើន​តម្រូវការ​ ដោយសារ​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​ជំងឺ​កូ​វីដ​១៩ ដែល​អនុញ្ញាតឱ្យ​ភ្ញៀវ​-​ទេសចរ​អាច​ទៅ​ទស្សនា​ប្រទេសមួយ​នេះ​បាន​កាន់តែ​ងាយស្រួល​។​

លោក​លើកឡើងថា ​ប្រទេស​យើង​ទាំង​២​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទាក់ទង​នឹង​សេដ្ឋកិច្ច និង​ការទូត ដែលជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​ការផ្លាស់ប្តូ​រពា​ណិ​ជ្ជ​កម្ម​។ ដូច​យើង​ឃើញ​ហើយ​ថា បន្ទាប់​​ពី​កូ​វីដ​១៩ ធូរស្រាល លំហូរ​ទេសចរ​បរទេស ​កំពុង​ត្រឡប់មក​ប្រទេស​យើង​ទាំង​២​វិញ។ ដូច្នេះ​មាន​កំណើន​តម្រូវការ ហើយ​សកម្មភាព​អាជីវកម្ម​ក៏​ស្ទុះ​ងើបឡើង​វិញ​ផងដែរ​។​

លោកសរ សារិនបាន​បន្តថា ចាប់តាំងពី​ការបង្កើត CBC រយៈពេល​ជាង​២​ឆ្នាំ​មក ស្ថាប័ន​លោក​កំពុង​ដើរតួនាទី​យ៉ាងសំខាន់ ​ក្នុងការ​ផ្សព្វផ្សា​យ​ផលិតផល និង​សក្តា​នុ​ពល​របស់​កម្ពុជា​ដល់​ពាណិជ្ជករ និង​វិ​និ​យោគិន​ថៃ​។

លោក​បញ្ជាក់ថា​ ​យើង​បានធ្វើការ​ជាមួយ​សហគមន៍ ​ធុរកិច្ច​ថៃ​ជាច្រើន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ ពី​ផលិតផល​របស់​យើង​ ទៅកាន់​ទីផ្សារ​ថៃ ពី​ព្រោះ​យើង​ចង់​ជំរុញ​ការនាំចេញ​របស់​យើង ជាជាង​ការនាំ​ចូល​។​

​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំង២ ​បាន​សម្តែង​នូវ​ការពេញចិត្ត ​ចំពោះ​ការ​កើន​​ឡើង ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី ​ទោះបីជា​មានការ​ប្រឈម​ដោយ​ជំងឺ​កូ​វីដ​១៩ និង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​ផ្សេងទៀត​ក៏ដោយ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here