កម្ពុជារំពឹងពង្រីកការនាំចេញអង្ករទៅកាន់ទីផ្សារចិនបន្ថែមលើចំណែកទីផ្សារ៤៥ភាគរយក្នុងឆ្នាំ២០២២

ដោយ៖ សុផារី លាងហ៊ួរ

ភ្នំពេញ៖ ពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន៦៣,៧ម៉ឺនតោន និងនាំចេញស្រូវបានចំនួន៣,៤៦លានតោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង១.២៥៥លានដុល្លារសហរដ្ឋអាមេរិក។

នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ១២ខែនៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន៥៩ប្រទេស។

ក្នុងនោះ ប្រទេសចិនរួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន២៨៨.៨៣០តោន ឬស្មើនឹង៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៥បានបរិមាណសរុបចំនួន២២១.៥០៤តោន ឬស្មើនឹង៣៥% ប្រទេសសមាជិកអាស៊ានចំនួន៤ បានបរិមាណសរុបចំនួន ៦៤.៧៣៣ តោន ឬស្មើនឹង១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយក្រែន ។ល។ ចំនួន២៧ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន៦១.៩៣៧ តោន ឬស្មើនឹង១០% នៃការនាំចេញសរុបចំនួន៦៣៧.០០៤តោន ដែលមានតម្លៃសរុបចំនួន៤១៨,២៩លានដុល្លារសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន៣.៤៧៧.៨៨៦តោនដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា៨៤១,០៩លានដុល្លារសហរដ្ឋអាមេរិក។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា ដោយប្រទេសកម្ពុជាសង្ឃឹមថា នឹងនាំចេញទៅកាន់ប្រទេសចិនបន្ថែមទៀត ក្រោមភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here