ប្រទេសចិនប្តេជ្ញាពង្រីកការចំណាយសារពើពន្ធ ដើម្បីជំរុញសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ិនហ៊ួរ Xinhua បានរាយការណ៍កាលពីថ្ងៃអង្គារទី០៣ ខែមករា ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Liu Kun ថា ប្រទេសចិនគ្រោងបង្កើនការពង្រីកសារពើពន្ធ ក្នុងលក្ខណៈសមស្របមួយនៅឆ្នាំ២០២៣នេះ។

ផែនការនេះនឹងជំរុញការចំណាយសារពើពន្ធ និងការវិនិយោគ តាមរយៈសញ្ញាប័ណ្ណពិសេសរបស់រដ្ឋបាលក្នុងតំបន់ ដើម្បីជំរុញសេដ្ឋកិច្ច។

ក្រុមអ្នកបង្កើតគោលនយោបាយចិនបានសន្យាពង្រឹងការកែសម្រួលគោលនយោបាយ  ដើម្បីទប់ស្កាត់ផលប៉ះពាល់លើអាជីវកម្ម និងអ្នកប្រើប្រាស់ ដែលបណ្តាលមកពីការកើនឡើង នៃការឆ្លងជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី២ របស់ពិភពលោកមួយនេះ ក៏ប្រឈមនឹងការធ្លាក់ចុះនៃការនាំចេញផងដែរ ដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកយឺត និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេស ដែលបានកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋបាល ក្នុងតំបន់ពីការលក់ដីធ្លីផងដែរ។

លោក Liu Kun បានមានប្រសាសន៍ នៅក្នុងបទសម្ភាសន៍ជាមួយសារពត៌មាន Xinhua ថា រដ្ឋាភិបាលចាំបាច់ត្រូវពង្រីកការចំណាយសារពើពន្ធ ប្រើប្រាស់មូលបត្របំណុលពិសេសរបស់រដ្ឋបាលក្នុងតំបន់ ដើម្បីជំរុញការវិនិយោគ និងបង្កើនការផ្ទេរប្រាក់ ពីរដ្ឋាភិបាលកណ្តាល ទៅកាន់តំបន់ក្រីក្រ និងមិនសូវមានការអភិវឌ្ឍ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះបានបន្តថា រដ្ឋាភិបាលចាំបាច់ ត្រូវធានានូវនិរន្តរភាពសារពើពន្ធ និងរក្សាហានិភ័យបំណុល របស់រដ្ឋបាលក្នុងតំបន់ ឱ្យស្ថិតក្រោមការគ្រប់គ្រងបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here