ធនាគារជប៉ុនធំៗគ្រោងដំឡើងអត្រាការប្រាក់កម្ចីទិញផ្ទះនៅខែមករាដើមឆ្នាំ២០២៣នេះ

សុខុម

តូក្យូ: ធនាគារជប៉ុន ធំៗចំនួន៥បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា ខ្លួងនឹងដំឡើងអត្រាការប្រាក់កម្ចីទិញផ្ទះថេររបស់ខ្លួននៅខែមករា ដើមឆ្នាំ២០២៣ នេះ ដោយសារមើលឃើញកំណើនទិន្នផលមូលបត្របំណុលរដ្ឋរយៈពេលវែង បន្ទាប់ពីធនាគារកណ្ដាលជប៉ុន (BOJ) បានធ្វើការកែសម្រួលគោលនយោបាយ។

ធនាគារទាំងនេះនឹងដំឡើងអត្រាការប្រាក់ស្តង់ដាររបស់ខ្លួនសម្រាប់ប្រាក់កម្ចីទិញផ្ទះរយៈពេល១០ឆ្នាំ ពី០,១០%ទៅ០,៣៤%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង អត្រាការប្រាក់ស្តង់ដារនឹងឡើងដល់៣,៧០%នៅធនាគារ MUFG និង៣,៧៩%នៅធនាគារ Sumitomo Mitsui Banking ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់ធនាគារទាំង២នេះចាប់តាំងពីខែតុលា ឆ្នាំ២០១៣ ហើយនឹង៣,៥០%នៅធនាគារ Mizuho ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ មក។

ទន្ទឹមនេះ ដោយផ្អែកលើអត្រាការប្រាក់ស្តង់ដារ អត្រាប្រាក់កម្ចីទិញផ្ទះរយៈពេល១០ឆ្នាំដំបូងនឹងស្ថិតក្នុងរង្វង់១,៤០%នៅធនាគារ Mizuho ១,៣៩%នៅធនាគារ Sumitomo Mitsui Trust Bank ១,១៨%នៅធនាគារ Resona Bank ១,១៤%នៅធនាគារ Sumitomo Mitsui និង១,០៥%នៅធនាគារនៅ MUFG។

នៅឯកិច្ចប្រជុំគោលនយោបាយរបស់ខ្លួនក្នុងខែនេះ ធនាគារកណ្ដាលជប៉ុន (BOJ) បានដំឡើងកម្រិតកំណត់សម្រាប់ទិន្នផលមូលបត្របំណុលរដ្ឋរយៈពេល១០ឆ្នាំពី០,២៥%ដល់០,៥%។

ទន្ទឹមនេះ ធនាគារទាំងនេះនឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅដដែលដោយមិនផ្លាស់ប្តូរលើប្រាក់កម្ចីទិញផ្ទះ ដែលគេជឿថាគ្របដណ្ដប់ប្រមាណ៧០%នៃកម្ចីទិញផ្ទះមិនទាន់សងទាំងអស់ បន្ទាប់ពីធនាគារកណ្តាលជប៉ុន (BOJ) បានសម្រេចរក្សាទុកគោលដៅអត្រាការប្រាក់រយៈពេលខ្លីរបស់ខ្លួននៅត្រឹម-០,១%៕

LEAVE A REPLY

Please enter your comment!
Please enter your name here