សម្ដេចតេជោ៖ ក្នុងឆ្នាំ២០២២រដ្ឋាភិបាលកម្ពុជាប្រមូលថវិកាបានជាង១២៧ភាគរយនៃច្បាប់ថវិកា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ចំណូលថវិកាជាតិឆ្នាំ២០២២កន្លងទៅ ប្រទេសកម្ពុជាសម្រេចបាន១២៧ភាគរយ ដែលលើសផែនការរហូតដល់២៧ភាគរយ គិតជាទឹកប្រាក់សរុបប្រមាណ៦.១៤៥លានដុល្លារអាមេរិក  ដោយមិនទាន់គិតចំណូលមិនមែនសារពើពន្ធនៅឡើយ។

សម្ដេចតេជោហ៊ុន សែនបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់ឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះថា ចំណូលពន្ធគយក្នុងឆ្នាំ២០២២កន្លងទៅ មានចំនួនសរុប២.៦៩០លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ១០៤,៩៤ភាគរយ សម្រាប់ចំណូលពន្ធដារវិញមានចំនួនសរុប៣.៤៥៥លានដុល្លារអាមេរិក។

តាមរយៈចំណូលថវិកាសម្រាប់ឆ្នាំ២០២២កន្លងទៅ សម្ដេចរំពឹងថា ចំណូលថវិកានៅឆ្នាំ២០២៣នឹងបន្តកើនឡើងបន្តទៀត ដែលនឹងធ្វើឱ្យអតិរេកថវិកាចរន្តរបស់រាជរដ្ឋាភិបាលងើបឡើងវិញ។ រដ្ឋាភិបាលអាចមានលទ្ធភាព ក្នុងការចាត់ចែងចំណាយឡើងវិញ ដែលខុសពីវិបត្តិកូវីដ១៩ ដោយកាលនោះចំណូលថវិកាធ្លាក់ចុះ តែការចំណាយកើនឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបន្ថែមទៀតថា “សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២កន្លងទៅ សម្រេចបានកំណើន៥,៥ភាគរយ ដោយឃើញថា កំណើននៅតាមវិស័យមួយចំនួនបានងើបឡើងវិញ លើកលែងទេសចរណ៍នៅតែបន្តជួបបញ្ហា”។

សម្តេចតេជោបានបន្តថា “យើងរំពឹងថា ក្នុងឆ្នាំ២០២៣នេះ បើសិនជាភ្ញៀវទេសចរជនជាតិចិនត្រលប់មកកម្ពុជាវិសញ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនកាន់តែខ្ពស់ និងធ្វើចំណូលរបស់ប្រជាជនកម្ពុជាក៏រំពឹងថា នឹងល្អសម្រាប់អ្នកដែលទទួលផល”។

យ៉ាងណាក្ដី សម្ដេចតេជោក៏បានបង្ហាញពីបញ្ហា ដែលធ្វើឱ្យមានឧបសគ្គដល់សេដ្ឋកិច្ចនោះ គឺតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់វិញបន្តិច នៅដើមឆ្នាំ២០២៣។ ជាក់ស្ដែង នៅព្រឹកនេះ ប្រេងលើទីផ្សារអន្តរជាតិបាន កើនឡើងដល់ជាង៨០ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈនៅមុននេះបន្តិចវាបានធ្លាក់ចុះដល់ជាង៧០ដុល្លារអាមេរិកក្នុងមួយបារ៉ែលទៅហើយ។

ប្រសិនបើទេសចរចិនត្រលប់មកកម្ពុជា រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងមានការរីកលូតលាស់កាន់តែខ្លាំង កសិកម្មឆ្នាំនេះទទួលបានផលល្អ តែយើងនៅមានផលពិបាក ដោយសារតែប្រេងឡើងថ្លៃជាក់ស្ដែងព្រឹកនេះ ឡើងដល់ជាង៨៥ដុល្លារ/បារ៉ែល ដែលកាលពីមុនបានធ្លាក់ជាង៧០ដុល្លារ/បារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here