លោក ពូទីនប្រកាសលើកលែងពន្ធដល់កងទ័ពរុស្ស៊ីដើម្បីឱ្យពួកគេ មានកម្លាំងចិត្តច្បាំងក្នុងសង្រាមនៅអ៊ុយក្រែន

ដោយៈ សុខុម

មូស្គូ: រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ទាហាន និងមន្ត្រីរាជការដែលត្រូវបានបញ្ជូនទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន នឹងត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល។

នេះជាកិច្ចខិតខំប្រឹងប្រែង ចុងក្រោយបង្អស់របស់ក្រុងមូស្គូ ដើម្បីជំរុញលើកទឹកដល់កងទ័ពរុស្ស៊ី ដែលបានទទួលរងបរាជ័យ និងដកថយពីសមរភូមិជាបន្តបន្ទាប់។

វិធានការលើកលែងពន្ធថ្មីនេះ គឺសម្រាប់កងទ័ពរុស្ស៊ីទាំងអស់ ដែលកំពុងប្រយុទ្ធ នៅក្នុងទឹកដីអ៊ុយក្រែនចំនួន៤ដែលទីក្រុងមូស្គូ ប្រកាសថាជាទឹកដីរបស់ខ្លួន រួមមានតំបន់ Donetsk តំបន់ Luhansk តំបន់ Kherson និងតំបន់ Zaporizhia ទោះបីជារុស្ស៊ី មិនគ្រប់គ្រងតំបន់ទាំង៤នេះបានទាំងស្រុងក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣១ ខែធ្នូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅបាន បានលើកឡើងថា ការលើកលែងពន្ធមានចែង ក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ដែលរដ្ឋាភិបាលរុស្ស៊ី បានចេញផ្សាយសេចក្ដីលម្អិតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ សប្ដាហ៍ដដែល។

យោងតាមក្រឹត្យមួយ ដែលចុះហត្ថលេខាដោយប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ឱ្យដឹងថា ទាហាន ប៉ូលិស កងសន្តិសុខ និងមន្ត្រីរាជការដែលទៅធ្វើសង្គ្រាមនៅក្នុងសមរភូមិក្ដៅទាំង៤ខាងលើនេះ មិនចាំបាច់ផ្ដល់ព័ត៌មានស្តីពី “ប្រាក់ចំណូល ការចំណាយ និងទ្រព្យសម្បត្តិរបស់ពួកគេ” ដូចមុនទៀតឡើយ។

ក្រឹត្យដដែលបញ្ជាក់ទៀតថា ទន្ទឹមនេះកងកម្លាំងរុស្ស៊ី ក៏មានសិទ្ធិទទួ​លយក “រង្វាន់ និងអំណោយ” ផងដែរ ប្រសិនបើរង្វាន់ និងអំណោយទាំងនោះមាន “លក្ខណៈមនុស្សធម៌”។

ការលើកលែងពន្ធនេះក៏អនុវត្តចំពោះប្ដី ឬប្រពន្ធ និងកូនរបស់កងទ័ពដែលបានចូលធ្វើសង្គ្រាម ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ ជាកាលបរិច្ឆេទដែលរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន ផងដែរ។

កាសែត Moscow Times បានចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅ ដោយសម្រេចដកចេញនូវរាល់លក្ខខណ្ឌ ដែលតម្រូវឱ្យ   មន្ត្រីរាជការលាតត្រដាងព័ត៌មានស្ដីពី ការបង់ពន្ធលើប្រាក់ចំណូលរបស់ពួកគេ ពោលគឺការលើកលែងនេះ នឹងបន្តរហូតដល់សង្រ្គាមនៅអ៊ុយក្រែន បញ្ចប់៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here