រដ្ឋាភិបាលប្រមូលចំណូលពន្ធដារនិងគយបានចំនួនជាង៦ពាន់លានដុល្លារលើសពីផែនការជាង២៥ភាគរយ

ដោយ៖​ សុផារី

កំពត៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២ នេះការប្រមូលចំណូលពន្ធដារ និងគយ បានចំនួនជាង៦ពាន់លានដុល្លារ ពោលគឺលើសពីផែនការជាង២៥ភាគរយ។

សម្តេចតេជោបានបញ្ជាក់ថា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន៣.៤៣៧លានដុល្លារ ស្មើនឹង១២១,៩៣ភាគរយ។ ចំណែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបាន២.៦៧០លានដុល្លារ ស្មើនឹង១០៤,១៥ភាគរយ។

ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺ ផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោបានថ្លែងដូច្នេះថា “នេះមិនទាន់គិតពីចំណូលមិនមែនសារពើពន្ធដែលឆ្នាំនេះជឿថាវាកើន។ ពីព្រោះគ្រាន់តែភ្ញៀវទេសចរ២លាននាក់ យើងនឹងមានប្រាក់៦០លានដុល្លារ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោបានគូសបញ្ជាក់ថា ចំណូលពន្ធដារ និងពន្ធគយដែលរាជរដ្ឋាភិបាលសម្រេចបាន គឺសម្រាប់ផ្តល់ឱកាសឱ្យរដ្ឋាភិបាលអាចវិនិយោគលើផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា និងទៅលើថវិកាបដិភាគនៃគម្រោងដែលបរទេសជួយមកកម្ពុជា។

សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តគាំទ្រផ្នែកប្រមូលពន្ធដារ និងពន្ធគយប្រកបដោយប្រសិទ្ធភាព។

ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន២ ២៩៤លានដុល្លារ ដែលស្មើនឹង៩៧,១ភាគរយនៃផែនការ ខណៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន២.២៤៣លានដុល្លារលើសផែនការ២៤,០២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here