សម្តេចតេជោ៖ រដ្ឋាភិបាលនឹងបន្តបើកប្រាក់បៀវត្សមន្ត្រីរាជការតាមធនាគារ ហើយមិនបើកជាសាច់ប្រាក់ឡើយ

ដោយ៖ សហការី

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកការបើកប្រាក់ខែតាមប្រព័ន្ធធនាគារ សម្រាប់មន្រ្តីរាជការ ជាការដើរឱ្យទាន់សម័យឌីជីថល ហើយសម្តេចតេជោ បានថ្លែងថា សម្តេចនឹងមិនធ្វើតាមការនិយាយរបស់លោកបណ្ឌិត សុខ ទូច ដែលលើកឡើងថា ឱ្យបើកប្រាក់ខែជាសាច់ប្រាក់នោះទេ។

សម្តេចតេជោ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ​ ថា “មានបងប្អូនមានកង្វល់ៗ មានខ្លះបាញ់តាម Messenger មកឲ្យខ្ញុំ ដោយមិនស្គាល់លេខទូរស័ព្ទរបស់ខ្ញុំ ហើយមានខ្លះក៏វាយមកឲ្យខ្ញុំ បន្ទាប់ពីឯកឧត្ដម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា ស្នើសុំមករាជរដ្ឋាភិបាល ស្នើសុំមកនាយករដ្ឋមន្ត្រី ដើម្បីបើកសាច់ប្រាក់ឡើងវិញៗ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោបានបន្តថា “បងប្អូនមានការបារម្ភថា ក្រែងលោខ្ញុំស្ដាប់ សុខ ទូច ខ្ញុំសូមជម្រាបថា ខ្ញុំក៏ជាអ្នកវិទ្យាសាស្រ្ដដឹកនាំ ហើយក៏អាចចាត់ទុកថា ជាអ្នកដឹកនាំដែលយូរជាងគេនិងគ្រប់ហេតុការណ៍ គ្រប់កាលៈទេសៈ គ្មានកន្លែងណា ដែលមិនមានបាត់ដៃ ហ៊ុន សែន នៅក្នុងទីនោះ ក្នុងរយៈពេលជិត៤៤ឆ្នាំទេ”។

សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចនឹងមិនធ្វើតាមអ្វី ដែលជាការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច នោះទេ ដោយសារសម័យនេះជាសម័យឌីជីថល ហើយដែលការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមប្រព័ន្ធធនាគារ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកបណ្ឌិត សុខ ទូច គ្រប់​គ្រងមន្ត្រីរាជការនៅក្នុងរាជបណ្ឌិត្យសភាឲ្យបានល្អ​ ហើយរាជរដ្ឋាភិបាលកម្ពុជា​ នៅតែបន្តបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here