អគ្គនាយកដ្ឋានពន្ធដារគ្រោង​រៀប​ចំការចាប់ឆ្នោតផ្សងសំណាងរាល់ការទិញទំនិញនៅតាមផ្សារ​ទំនើប នៅដើមខែមករាឆ្នាំ​២០២៣

ដោយ៖ សុផារី

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនឹង​រៀប​ចំព្រិត្តិការណ៍ចាប់ឆ្នោតផ្សងសំណាងជូនប្រជាពលរដ្ឋដែលទិញទំនិញ ឬ ផលិតផលផ្សេងៗនៅតាមផ្សារ ឬតាម​ហាង​ទំនើបៗនានា ​តាមរយៈការបង់អាករតម្លៃបន្ថែមជូនជាតិ នៅដើមខែមករា ឆ្នាំ​២០២៣។

លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ នាពេលថ្មីៗនេះ បានថ្លែងឲ្យដឹងថា នៅដើមខែមករា ឆ្នាំ​២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹង​រៀប​ចំព្រិត្តិការណ៍ចាប់ឆ្នោតផ្សេងសំណាង ចំពោះប្រជាពលរដ្ឋដែលបានទិញទំនិញនៅតាមទីផ្សារទំនើបនានា ឬ តាម​ហាង​មួយចំនួន ដែលមានបញ្ជរបង់អាករតម្លៃបន្ថែម និងបានថតវិក្ក័យបត្រទាំងនោះ ដាក់​ចូល​ក្នុង​កម្ម​វិធី​ផ្សង​សំណាង​រប​ស់​​អគ្គនាយកដ្ឋានពន្ធដារ ប្រជាពលរដ្ឋនឹងអាចឈ្នះរង្វាន់ជាច្រើន ដែល​អគ្គនាយក​ដ្ឋាន​គ្រោង​នឹង​រៀប​ចំការ​ចាប់​ឆ្នោត​នេះ​ក្នុងពេលឆាប់ៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ចំពោះការរៀបចំឲ្យមានព្រឹត្តិការណ៍ខាងលើនេះ គឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ តាម​រយៈ​ការ​បង់​អាករ​តម្លៃបន្ថែម ដែលប្រការនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយ​ដល់​ការប្រមូល​ចំណូ​ល​របស់ពន្ធដារ ក្នុងការពង្រឹងអភិបាលកិច្ចល្អ។ ចំពោះ​ចំណូល​ប្រមូល​បាន​ពីការ​បំពេញ​កាតព្វកិច្ច​របស់​ប្រជាពល​រដ្ឋ​នេះ ​គឺ​សម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បី​ជំរុញ​ឲ្យប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើន។

លោក គង់ វិបុល បានសង្កត់ធ្ងន់ថា តាមការបង្កើតឆ្នោតផ្សេងសំណាងនេះ គឺជាការពង្រឹងភាពប្រកួតប្រជែង ការ​ពង្រឹង​វប្បធម៌បង់ពន្ធស្មើរភាពគ្នា ជាពិសេសមន្រ្តីអនុវត្តការប្រមូលពន្ធ នឹងអាចដឹងព័ត៌មានលម្អិត ចំពោះ​ការខក​ខាន​របស់ក្រុមហ៊ុន សហគ្រាស មិនទាន់បានចុះបញ្ជីបានត្រឹមត្រូវ ដែលប្រការនេះមន្រ្តីជំនាញរបស់ពន្ធដារ នឹង​ចុះ​ទៅ​ឲ្យពួក​គាត់​អនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីបំពេញកាតព្វកិច្ចការបង់អាករតម្លៃបន្ថែមនេះស្របតាមច្បាប់សារពើរពន្ធ។

គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បាន​ចំ​នួន​ជាង៣២០០លានដុល្លារអាមេរិក កើនឡើងជាប់១១៤ភាគរយ នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២​២​ ដោយចំនួននេះនឹងកើនឡើងបន្តទៀតក្នុងបំណាច់ឆ្នាំនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here