ប្រទេសរុស្ស៊ី​ប្រកាសហាម​ឃាត់ការលក់​ប្រេង​ដល់​បណ្តាប្រទេស​ដែល​មិនទទួល​យក​តម្លៃ​កំណត់លើប្រេងរបស់ខ្លួន

ដោយ: លាងហួរ

ក្រុងមូស្គូ: ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ថា ខ្លួននឹងហាមឃាត់ការលក់ប្រេង ទៅឱ្យប្រទេសដែលគោរពតាមការកំណត់តម្លៃ នៅក្នុងខែនេះ ពីសំណាក់បណ្តាប្រទេសលោកខាងលិច។

នៅក្រោមតម្លៃកំណត់ ដែលបានចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ ក្រុមពាណិជ្ជករប្រេង ត្រូវតែសន្យាថា នឹងមិនបង់ប្រាក់លើសពី៦០ដុល្លារអាមេរិកក្នុងមួយបារ៉ែល សម្រាប់ប្រេងដឹកជញ្ជូនតាមសមុទ្ររបស់រុស្ស៊ី ដើម្បីរក្សាលទ្ធភាពទទួលបាន ហិរញ្ញប្បទានរបស់លោកខាងលិច សម្រាប់ទិដ្ឋភាពសំខាន់នៃការដឹកជញ្ជូនសកល ដូចជា ការធានារ៉ាប់រង។

តម្លៃថ្មីនេះ ត្រូវបានកំណត់នៅជិតតម្លៃបច្ចុប្បន្ន សម្រាប់ប្រេងរុស្ស៊ី ប៉ុន្តែវាទាបជាងតម្លៃ ដែលរុស្ស៊ីអាចលក់បានថ្លៃច្រើនក្នុងឆ្នាំ២០២១ នៅពេលដែលប្រាក់ចំណេញ ពីការលក់ថាមពលបានជួយដល់ទីក្រុងម៉ូស្គូ ក្នុងការទូទាត់ផលប៉ះពាល់ពីទណ្ឌកម្មហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសរុស្ស៊ី គឺជាប្រទេសនាំចេញប្រេងធំជាងគេទី២ លើពិភពលោក បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ហើយការរំខានជាក់ស្តែងណាមួយ ចំពោះការលក់របស់រុស្សុីនឹងជះផលវិបាកយ៉ាងធំធេង សម្រាប់ការផ្គត់ផ្គង់ថាមពលពិភពលោក។

វិមានក្រឹមឡាំង នឹងផ្អាកការលក់ប្រេងឆៅដល់ប្រទេស ដែលចូលរួមក្នុងការកំណត់តម្លៃ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ។

ការហាមឃាត់ដាច់ដោយឡែក លើផលិតផលប្រេងចម្រាញ់ ដូចជាប្រេងសាំង  និងប្រេងម៉ាស៊ូត នឹងចូលជាធរមាន នៅថ្ងៃកំណត់ដោយរដ្ឋាភិបាល ហើយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នឹងមានសិទ្ធិអំណាច ដើម្បីច្រានចោលវិធានការណ៍នៅក្នុងករណីពិសេស។

ការកំណត់តម្លៃប្រេងរុស្ស៊ី ពីសំណាក់ប្រទេសលោកខាងលិច ដែលមិនធ្លាប់មាន សូម្បីតែនៅក្នុងសម័យសង្រ្គាមត្រជាក់ រវាងលោកខាងលិច និងសហភាពសូវៀត មានគោលដៅធ្វើឱ្យរុស្ស៊ីខាតបង់ថវិការដ្ឋ  និងកិច្ចខិតខំប្រឹងប្រែងផ្នែកយោធារបស់ទីក្រុងមូស្គូ ដោយមិនបង្កឱ្យទីផ្សារជួបការរំខាន ដោយសារការរារាំងការផ្គត់ផ្គង់របស់រុស្ស៊ីនោះទេ។

យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានឱ្យដឹងថា ឱនភាពថវិការបស់រុស្ស៊ី អាចមានទំហំធំជាង ការគ្រោងទុក២ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២៣ ខណៈការកំណត់តម្លៃប្រេងបានធ្វើឱ្យប្រាក់ចំណូល ពីការនាំចេញរបស់រុស្ស៊ីធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here