វៀតណាមចាប់ផ្ដើមសាងសង់គម្រោងរោងចក្រចម្រាញ់រ៉ែធំបំផុតតម្លៃរាប់ពាន់លានដុល្លារនៅប្រទេសឡាវ

សុខុម

វៀងចន្ទន៍: ការសាងសង់គម្រោងរោងចក្រចម្រាញ់រ៉ែដ៏ធំ Bauxite-Alumina Mining Industrial Complex បានចាប់ផ្តើមហើយនៅក្នុងស្រុក Dakcheung នៃខេត្តសេកុង ប្រទេសឡាវ នៅថ្ងៃទី១៩ ខែធ្នូ។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែធ្នូ។

យោងតាមគេហទំព័រព័ត៌មានវៀតណាម Vietnamnet ឱ្យដឹងថា គម្រោងនេះនឹងគ្របដណ្តប់លើផ្ទៃដី៨.៦៩២ហិកតា ហើយនឹងដំណើរការរយៈពេលប្រមាណពី៣០ឆ្នាំទៅ៥០ឆ្នាំ។ រោងចក្រចម្រាញ់រ៉ែដែលមានសមត្ថភាពចម្រាញ់រ៉ែប្រចាំឆ្នាំបាន១លានតោនក្នុងមួយឆ្នាំនេះ នឹងត្រូវចំណាយ១ពាន់លានដុល្លារអាមេរិក លើការសាងសង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះជាការវិនិយោគលើគម្រោងរ៉ែដ៏ធំបំផុតពីសំណាស់វៀតណាម នៅក្នុងប្រទេសឡាវ ហើយលោកស្រី Phuong Minh Hue ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Viet Phuong Group បានសន្យាថានឹងអនុវត្តគម្រោងនេះប្រកបដោយជោគជ័យ។

លោកស្រីបានបន្ថែមថា គម្រោងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ដាច់ស្រយាលដែលជួបការលំបាកនៃខេត្តសេកុង ព្រមទាំងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំង២ ផងដែរ ជាពិសេសការអភិវឌ្ឍក្នុង៣ប្រទេសគឺឡាវ កម្ពុជា និងវៀតណាម។

ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅប្រទេសឡាវ លោក Nguyen Ba Hung ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា អាជ្ញាធរមូលដ្ឋានឡាវ នឹងជួយសម្រួលដល់ការអនុវត្តគម្រោងនេះដើម្បីសម្រេចគោលដៅរបស់ខ្លួន ព្រមទាំងបង្កើតការងារជូនកម្មករក្នុងស្រុកផងដែរ។

អភិបាលខេត្តសេកុង លោក Leklay Sivilay លើកឡើងថា នៅពេលគម្រោងនេះសាងសង់បញ្ចប់ជាស្ថាពរ វានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនខេត្តសេកុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here