ក្រសួងពាណិជ្ជកម្មគ្រោងបង្កើតគោលនយោបាយជាតិ “ម្រេច” ដើម្បីជំរុញការដាំម្រេចសម្រាប់នាំចេញ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិ​ជ្ជកម្ម គ្រោងរៀបចំគោលនយោបាយជាតិស្តីពី “​ម្រេច” ​ដើម្បីបង្កើនប្រសិទ្ធិ​ភាពនៃប្រកួតប្រជែងទីផ្សារ​អន្តរជាតិ ​និងបង្កើននូវតម្លៃ​បន្ថែមក្នុងខ្សែច្រវាក់​ផលិតកម្ម​ម្រេច​កម្ពុជា​។​

លោក វ៉ា រុតសាន ប្រធានក្រុមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា​​ ក្រសួង​ពាណិជ្ជកម្ម ​នឹង​ជំរុញ​ការ​រៀបចំ​គោល​នយោបាយ​ជាតិស្តីពី “​ម្រេច” ​ក្នុងគោលដៅ​បង្កើន​ឧត្តមភាពប្រកួតប្រជែងរបស់​កម្ពុជាឱ្យអស់លទ្ធភាព ។ ​ការបង្កើតគោលនយោបាយជាតិម្រេចនេះ គឺផ្តោត​​លើការអភិវឌ្ឍផ្ទៃដីដំាដុះម្រេចសរីរាង្គ ឬដាំម្រេចសុវត្ថិភាពខ្ពស់។

លោកមានប្រសាសន៍ថា​ ប្រទេសកម្ពុជាអាចអភិវឌ្ឍន៍​ដីដាំម្រេចសរីរាង្គបាន។ នេះជា​ឧត្តមភាព​របស់​កម្ពុជា​ ដែល​អាចដកស្រង់យក​ចំណុចខ្លាំង​មក​ប្រើប្រាស់​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ម្រេច​របស់កម្ពុជា​ឱ្យ​អស់លទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សម្រាប់គោលនយោបាយជាតិម្រេចនេះ​ គឺមានលក្ខណៈមិនខុសគ្នា​​ពីគោលនយោបាយ​ជាតិ​ស្តីពីស្វាយចន្ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្មានឡើយ។ ​គោលនយោបាយទាំងនេះ​ បង្កើតឡើងដើម្បីបង្កើនទិន្នផលដំណាំ កាត់​បន្ថយថ្លៃដើម បង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់ផលិតកម្ម ​ជំរុញការវិនិយោគ និងជំរុញការនាំ​ចេញជាដើម។

លោកបានលើកទឹកចិត្តដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេសវិស័យឯកជនត្រូវខិតខំរៀបចំ និងធ្វើយ៉ាងម៉េច​ឱ្យមានតម្លៃបន្ថែមក្នុងផលិតកម្ម​ និង​ដំណើរ​ការចេញនាំម្រេចទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែប្រសើរ។

សម្រាប់គោលនយោបាយជាតិស្តីពីម្រេចដែលក្រសួងពាណិជ្ជកម្ម​រៀបចំឡើងនេះ សហព័ន្ធម្រេច​ និង ​គ្រឿងទេសកម្ពុជា បានត្រៀមខ្លួនជាស្រេច​ ក្នុងការចូលរួមផ្តល់ធាតុចូល​ និងជួយ​សម្រប​សម្រួល​ទីផ្សារក្នុងនិងក្រៅស្រុក។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច​ និងគ្រឿងទេសកម្ពុជា បានលើកឡើងថា នៅ​ពេល​ភាគីពាក់ព័ន្ធ​ទាំងអស់សហការគ្នា​ រួមមានទាំងផលិតករ​ ក្រុមហ៊ុនកែច្នៃនាំចេញ ក្រុមហ៊ុន​ផ្គត់ផ្គង់ផលិត-សេវាក្នុងវិស័យកសិកម្មឧស្សាហកម្ម​ រួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពី “​ម្រេច” នោះ វានឹង​ធ្វើឱ្យវិស័យម្រេចកម្ពុជាកាន់តែរីកចម្រើន​ ខណៈដែលកម្ពុជា​កំពុងបើកទីផ្សារ​សេរីជាមួយប្រទេសក្នុងពិភពលោកជាបន្តបន្ទាន់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បានបង្ហាញថា សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជានាំចេញបាន១៨.០០០តោន​។​ ក្នុងនោះ ទីផ្សារធំជាង​គេ​របស់​កម្ពុជា គឺប្រទេសវៀតណាម​ ខណៈអាល្លឺម៉ង់ស្ថិតនៅលេខ២។ ម្រេចកម្ពុជាបានចូលដល់ទីផ្សារប្រទេសចំនួន១៧​ ក្នុងពិភពលោក ដែលក្នុងនោះ​មានប្រទេស​វៀតណាម ​សហរដ្ឋអាម៉េរិក កាណាដា​ សហភាពអឺរ៉ុប តៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន អ៊ីស្រាអែល និងប្រទេសឥណ្ធា​ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here