ក្រសួងទេសចរណ៍លើកកម្ពស់សេវាកម្មសម្រាប់ភ្ញៀវទេសចរចិន ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង

ដោយៈ សុផារី

ខេត្តកំពតៈ ក្រសួងទេសចរណ៍កំពុងរៀបចំសិក្ខាសាលាស្តីពី ការលើកកម្ពស់គុណភាព ការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ភ្ញៀវទេសចរចិន ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ស្របពេលដែលកម្ពុជា កំពុងបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ត្រៀមស្វាគមន៍ទេសចរចិនត្រលប់មកវិញ។

សិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាព ការផ្តល់សេវាកម្មទេស​ចរណ៍ សម្រាប់ភ្ញៀវទេសចរចិន ត្រូវបានរៀបចំ ក្រោមអធិបតីភាពរបស់ លោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Wang Zhiquan ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងលោក សេង ម៉េងហុង ប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ប្រទេសកម្ពុជាក្រោមនយោបាយវ៉ាក់សាំង របស់រាជរដ្ឋាភិបាល បានឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍នៅក្នុងគន្លងប្រក្រតីភាពថ្មីឡើងវិញ រហូតឈានដល់ការទទួលចំណាត់ថ្នាក់ ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គមលឿនជាងគេ និងជាប្រទេសដែ​លមានសុវត្ថិភាព សម្រាប់ការទស្សនាទេសចរណ៍ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍នៅតាមគោលដៅទេសចរណ៍។

សិក្ខាសាលានេះ បានរៀបចំឡើងស្របពេលវេលា នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ នៅក្នុងការជំរុញអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ ជាពិសេស ភ្ញៀវទេសចរចិនមកកាន់កម្ពុជា។

ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការគិតគូរដល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់នៅក្នុងការផ្តល់សេវាកម្ម ដល់ទេសចរកាន់តែប្រសើរ និងប្រកបដោយភាពពេញចិត្តដល់ភ្ញៀវ ដែលធ្វើដំណើរកំសាន្តនៅតាមគោលដៅទេសចរណ៍។

ក្នុងក្របនៃការងារបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតប ទៅនឹងតម្រូវការទីផ្សារទេសចរណ៍ទាំងបរិមាណ និងគុណភាព ជាពិសេសក្រសួងទេ​សចរណ៍បានមើលឃើញច្បាស់ពីសារៈសំខាន់ នៅក្នុងការប្រើប្រាស់ប្រព័ន្ធប  ច្ចេកវិទ្យា និងព័ត៌មាន ជួយដល់ការរៀបចំបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈប្រព័ន្ធអនឡាញ ដើម្បីជួយដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍  យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាព និងចាប់យកអាជីពជាអ្នកជំនាញ នៅក្នុងវិស័យទេសចរណ៍ អាចធ្វើការពង្រឹងសមត្ថភាពទាំងជំនាញចាស់ និងជំនាញថ្មីបន្ថែមបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងអាចពង្រឹងសមត្ថភាពជំនាញពេញមួយជីវិត។

តាមរយៈសិក្ខាសាលានេះ នឹងមិនត្រឹមតែចូលរួមដល់ការបណ្តុះបណ្តាលទេពកោសល្យ ជំនាញដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ នៅគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ ឱ្យកាន់តែមានសមត្ថភាព នៅក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ និងចូលរួមបង្កើនភាពជាដៃគូជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺថែមទាំងជាផ្នែកមួយដ៏សំខាន់ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្នុងការជំរុញ និង បង្កើនការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here