ទំហំពាណិជ្ជកម្ម​កម្ពុជា​-​កូរ៉េ​សម្រេចបាន៩៦២​លាន​ដុល្លារ​ក្នុង​ រយៈពេល១១ខែដំបូង

ដោយ: លាងហួរ

ភ្នំពេញ: ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង សម្រេ ចបានទំហំទឹកប្រាក់៩៦២លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ដោយកើនឡើង១០,៦ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA)។

គិតចាប់ពី​អំឡុង​ខែ​មករា ដល់​ខែ​វិច្ឆិកា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ ទៅ​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​តម្លៃ៣៧៣លាន​ដុល្លារ ពោលគឺកើន​ឡើង២១ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

កម្ពុជា​បាន​នាំ​ចូល​ផលិតផល​ពី​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​តម្លៃ៥៨៩លាន​ដុល្លារ  ដោយកើន​ឡើង៥ភាគរយ​ ធៀប​នឹង​ឆ្នាំ​មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកម្ពុជាបាននាំចេញជាចម្បង នូវផលិតផលប្រើប្រាស់ដូចជាស្បែកជើង និងសម្លៀកបំពាក់ផ្សេងទៀត ផលិតផលធ្វើដំណើរ ភេសជ្ជៈ ធាតុផ្សំគ្រឿងអគ្គិសនី និងអេឡិចត្រូនិច កៅស៊ូ ឱសថ និងផលិតផលកសិកម្មទៅកាន់កូរ៉េខាងត្បូង។

កម្ពុជាបាននាំចូលយានយន្ត គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ និងផលិតផលប្លាស្ទិក និងផលិតផលសម្រេច។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បានចាប់ផ្តើមជំរុញទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

កិច្ចព្រមព្រៀង CKFTA ត្រូវបានគេរំពឹងថា  នឹងជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដោយកូរ៉េខាងត្បូងយល់ព្រមដកពន្ធ លើផលិតផលចំនួន៩៥,៦ភាគរយ ដែលនាំចូលពីកម្ពុជា ខណៈកម្ពុជានឹងលុបចោលពន្ធលើទំនិញនាំចូលចំនួន៩៣,៨ភាគរយ។

ទាក់ទងនឹងលំហូរវិនិយោគផ្ទាល់ពីបរទេស ពីសាធារណៈរដ្ឋកូរ៉េ  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគកូរ៉េចំនួន២១៩  ដែលមានតម្លៃសរុប៥ពាន់លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២  ដែលមួយផ្នែកធំជាគម្រោងសំណង់ និងអចលនទ្រព្យ។

លើសពីនេះទៅទៀត ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលចូលជាធរមានកាលពីដំណាច់ឆ្នាំ២០២១ ត្រូវបានគេរំពឹងថា នឹងជួយទាក់ទាញ លំហូរវិនិយោគកាន់តែច្រើន ពីប្រទេសកូរ៉េមកកម្ពុជា ជាពិសេសក្នុងវិស័យឌីជីថល និងផ្នែកកែច្នៃម្ហូបអាហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here