រដ្ឋាភិបាលរុស្ស៊ីគ្រោងដំឡើងអត្រាពន្ធលើជនជាតិរបស់ខ្លួន ដែលរត់ចាកចេញពីប្រទេស

ដោយ: លាងហួរ

មូស្គូ: លោក Vyacheslav Volodin ប្រធាន​សភា​ជាន់​ទាប​បានមានប្រសាសន៍ថា សភាជាន់ទាបរបស់រុស្ស៊ី កំពុងរៀបចំច្បាប់មួយ ដើម្បីដំឡើងយកពន្ធខ្ពស់ជាងមុនសម្រាប់អ្នក ដែលបានចាកចេញពីប្រទេស ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ។

លោក Volodin បានសរសេរ នៅលើកម្មវិធីផ្ញើសារតេលេក្រាមថា វាជាការត្រឹមត្រូវ ក្នុងការលុបចោលសិទិ្ធសម្រាប់អ្នក ដែលបានចាកចេញពីប្រទេសរុស្ស៊ី ហើយយើងនឹងដំឡើងការយកពន្ធលើពួកគេ។

លោកបន្តថា “យើងកំពុងធ្វើការលើការផ្លាស់ប្តូរសមស្រប ទៅនឹងច្បាប់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាយ៉ាងណាក្តី តួលេខនៃចំនួនជនជាតិ​រុស្ស៊ី​ ដែល​បាន​ចាកចេញ​ តាំងពី​សង្គ្រាម​ផ្ទុះឡើង មិន​ទាន់មានភាពច្បាស់លាស់នៅឡើយទេ។

គិតត្រឹមដើមខែតុលា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន បានរាយការណ៍ថា ជនជាតិរុស្ស៊ីរហូតដល់ទៅ៧០ម៉ឺននាក់ បានរត់ភៀសខ្លួន បន្ទាប់ពីរុស្ស៊ី ប្រកាសចល័តទ័ពចំនួន៣០ម៉ឺននាក់ ដើម្បីចូលប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីបានច្រានចោលតួលេខនេះ។

ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ចំនួន១៣ភាគរយរបស់រុស្ស៊ី ត្រូវបានកាត់ដោយស្វ័យប្រវត្តិ ដោយក្រុមនិយោជកក្នុងស្រុក។

ចំណែកជនជាតិរុស្សីដែលធ្វើការនៅបរទេស និងជាអ្នកជាប់ពន្ធរបស់រុស្ស៊ីត្រូវតែបង់ពន្ធដោយឯករាជ្យ។ នេះបើយោងតាមសេវាពន្ធសហព័ន្ធនៃប្រទេសរុស្ស៊ី។

លោក Volodin បាន​បញ្ជាក់ថា វា​អាច​យល់​បាន​ទាំង​ស្រុង​ ពី​មូល​ហេតុ​ ដែល​ពួក​គេ​រត់ភៀស​ខ្លួន​ចេញ  ហើយអ្នក​ដែល​ដឹង​ថា​ខ្លួន​បាន​ធ្វើ​ខុស​បាន​ត្រឡប់​មក​វិញ​ហើយ រីឯអ្នក ដែលនៅសល់គួរតែយល់។

លោកបន្ថែមថា សង្គមភាគច្រើនមិនគាំទ្រទង្វើរបស់ពួកគេ ហើយជឿថាពួកគេបានក្បត់ប្រទេស សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here