បណ្ដាក្រុមហ៊ុនធានារ៉ាប់រងជប៉ុនសម្រេចឈប់ផ្ដល់ការធានារ៉ាប់រងលើនាវាក្នុងដែនទឹកទាំងអស់របស់រុស្ស៊ី

ដោយៈ សុខុម

តូក្យូៈ ក្រុមហ៊ុនធានារ៉ាប់រងជប៉ុនចំនួន៣ បានសម្រេចឈប់ផ្ដល់សេវាធានារ៉ាប់រង លើនាវាសម្រាប់ការខូចខាត ក្នុងដែនទឹកទាំងអស់របស់រុស្ស៊ី ដោយសារសង្គ្រាមនៅអ៊ុយក្រែន ហើយការសម្រេចបែបនេះ អាចប៉ះពាល់ដល់ការនាំចូលថាមពលរបស់ប្រទេសជប៉ុន ដូចជាឧស្ម័នធម្មជាតិរាវ (LNG) ជាដើម។

កាសែតជប៉ុន Nikkei បានចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ថា ក្រុមហ៊ុន Tokio Marine & Nichido Fire Insurance Co ក្រុមហ៊ុន Sompo Japan Insurance Inc និងក្រុមហ៊ុន Mitsui Sumitomo Insurance Co បានចាប់ផ្តើមជូនដំណឹងដល់ម្ចាស់នាវា អំពីការសម្រេចចិត្តរបស់ខ្លួនកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។

ទោះជាយ៉ាងណា កាលពីថ្ងៃសៅរ៍ ក្នុងសប្ដាហ៍តែមួយ គេមិនអាចទាក់ទងទៅក្រុមហ៊ុនទាំង៣ ដើម្បីសុំការឆ្លើយបំភ្លឺបានទេជុំវិញរឿងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាសែតនេះនិយាយថា ការផ្អាកផ្ដល់ធានារ៉ាប់រងនេះ អាចធ្វើឱ្យការដឹ​កជញ្ជូន នៅក្នុងដែនទឹកទាំងអស់របស់រុស្ស៊ី មានហានិភ័យខ្ពស់ខ្លាំងសម្រា​ប់ក្រុមហ៊ុនមួយចំនួន។

ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់ជប៉ុន ពីគម្រោងឧស្ម័ន និងប្រេង Sakhalin-2 របស់រុស្ស៊ី អាចទទួលរងផលប៉ះពាល់។ គម្រោងឧស្ម័ន និងប្រេង Sakhalin-2 ពិតជាមានសារៈសំខាន់ណាស់ ចំពោះសន្តិសុខថាមពលរបស់ប្រទេសជប៉ុន ដោយសារវាគ្របដណ្ដប់ដល់ទៅ៩%នៃការនាំចូលឧស្ម័នធម្មជាតិរាវ របស់ប្រទេស។

កាសែត Nikkei បានចុះផ្សាយទៀតថា ក្រុមហ៊ុនធានារ៉ាប់រងជប៉ុន ទាំង៣នេះ ទំនងជានឹងចាប់ផ្តើមចរចា ជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្ត បន្ទាប់ពីថ្ងៃបុណ្យណូអែលចប់ ដែលអាចជាការចរចាគ្នាដើម្បីផ្ដល់សេវាធានារ៉ាប់រងឡើងវិញ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here