អគ្គនាយកដ្ឋានពន្ឋដាថា ការបិទអាជីវកម្មជាប់ពន្ឋតូចមិនតម្រូវឲ្យ បង់សេវាទេ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់បន្ថែមពីនិតិវិធីនៃការបិទអាជីវកម្មជាប់ពន្ធតូច ដែលក្នុងនោះអគ្គនាយកដ្ឋានពន្ធដារមិនតម្រូវឱ្យអ្នកជាប់ពន្ធបង់ប្រាក់សេវាបិទនោះទេ។

អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកបណ្ឌិតកែន សម្បត្តិ បានថ្លែងនៅក្នុងកម្មវិធី “ពន្ធដារកម្ពុជា ស្តីពីកាតព្វកិច្ចសារពើពន្ធ ចំពោះអ្នកជាប់ពន្ធតូច និងមធ្យម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ថា សម្រាប់និតិវិធីក្នុងការបិទសហគ្រាសធុនតូច ម្ចាស់អាជីវកម្មត្រូវដាក់សំណើរមកអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកឯកសារពាក់ព័ន្ធ ដែលរដ្ឋបាលសារពើពន្ធតម្រូវ ដូចជា ប៉ាតង់ លិខិតប្រកាសពន្ធជាដើម ដើម្បីឱ្យរដ្ឋបាលសារពើពន្ធពិនិត្យឯកសារទាំងនោះ និងធ្វើការបិទអាជីវកម្មនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានអះអាងថា “ក្នុងការបិទអាជីវកម្មជាប់ពន្ធតូចនេះ នឹងមិនតម្រូវឱ្យបងកម្រៃសេវានោះទេ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធក៏នឹងមិនចុះធ្វើសវនកម្ម ដូចសហគ្រាសធុនមធ្យម និងធំនោះឡើយ គ្រាន់តែតម្រូវឱ្យម្ចាស់សហគ្រាសនោះមកពន្យល់បំភ្លឺប៉ុណ្ណោះ”។

កន្លងមក មានលើកឡើងពីម្ចាស់អាជីវកម្មមួយចំនួនថា រាល់ពេលបិទអាជីវកម្មនឹងត្រូវអស់កម្រៃសេវា។ ត្រង់ចំណុចនេះ លោកបានពន្យល់យ៉ាងដូច្នេះថា ការយកកម្រៃសេវានេះ គឺមិនមែនអគ្គនាយកដ្ឋានពន្ធអ្នកយកនោះទេ អាចមកពីម្ចាស់អាជីវកម្មនោះ គាត់ឱ្យភ្នាក់ងារអ្នករត់ការជំនួស ហេតុនេះហើយ ទើបតម្រូវឱ្យម្ចាស់អាជីវកម្ម បង់កម្រៃសេវាឱ្យទៅភ្នាក់ងារនោះ។

ជាមួយគ្នានេះ លោក ម៉ា បូរ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យមនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា បើទោះបីជា ការបិទអាជីវកម្មជាប់ពន្ធតូចនេះ មិនគិតកម្រៃសេវាក៏ពិតមែន ប៉ុន្តែអគ្គនា​យកដ្ឋានពន្ធ នឹងពិនិត្យលើពន្ធដែលមិនទាន់បានបង់កន្លងមក។ ប្រសិនបើពិនិត្យទៅមានបញ្ហាច្រើន អាចនឹងធ្វើការពិនិត្យបន្ថែម ឬធ្វើសវនកម្ម តាមជាក់ស្តែង។

អ្នកជាប់ពន្ធតូចបច្ចុប្បន្ន មានផលរបរ250លានរៀល ដល់1000 លានរៀល សម្រាប់វិស័យកសិកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ រីឯវិស័យឧស្សាហកម្ម មានផលរបរចាប់ពី250 លានរៀល ដល់1600លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here