គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីចំនួន៩កំពុងត្រៀមរៀបចំបើកការដ្ឋានសាងសង់នាពេលឆាប់ៗ

ដោយៈ សហការី

ព្រះសីហនុៈ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាច្រើន ក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ក្នុងនោះគម្រោងនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗចំនួន៩ បាននិងកំពុងរៀបចំបើកការដ្ឋានសាងសង់នាពេលឆាប់ៗ ហើយគម្រោងចំនួន៥ផ្សេងទៀតកំពុងត្រូវបានសិក្សា។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាតិ ដែលសន្សំបានសរុប៤០០លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះ ដែលជាសម្បត្តិរួមរបស់ប្រជាជនកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោង សាងសង់ហេ  ដ្ឋាចរនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមទៀត សំដៅដល់ការតភ្ជាប់ឲ្យកាន់តែងាយស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋ។

សម្តេចបញ្ជាក់ថា នៅពេលខាងមុខ សម្តេចនឹងអញ្ជើញបើកការដ្ឋានពង្រីកផ្លូវលេខ៤១ នៅខេត្តកំពង់ស្ពឺ ពង្រីកផ្លូវលេខ៣១ ផ្លូវលេខ៣៣ ខេត្តកំពត ពង្រីកផ្លូវលេខ៧ ពីស្គន់ទៅខេត្តកំពង់ចាម សាងសង់ស្ពាននៅខេត្តក្រចេះ ជាមួយផ្លូវតភ្ជាប់ទៅខេត្តកំពង់ធំ ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ (ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីផ្សារចាស់ទៅអរិយក្សត្រ) ស្ពានផ្លូវល្បឿនលឿន សម្រាប់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅស្រុកល្វាឯម ខេត្តកណ្តាល ឆ្ពោះទៅកាន់ព្រំដែនប្រទេសវៀតណាម ស្ពានឆ្លងកាត់ទន្លេបាសាក់ (ពីចាក់អង្រែ ភ្ជាប់ទៅច្បារអំពៅ)។

សម្តេចតេជោក៏បានបង្ហើប ពីគម្រោងសាងសង់ស្ពានផ្លូវជាច្រើនទៀត ដែលស្ថិត ក្នុងផែនការតភ្ជាប់របស់រាជរដ្ឋាភិបាល ដែលរួមមានស្ពានផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ សិក្សាសាងសង់ផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប សិក្សាសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តសៀមរាប សិក្សាសាងសង់ផ្លូវដែកល្បឿនលឿន ពីភ្នំពេញ-ព្រះសីហនុ និងពីខេត្តព្រះសីហនុ ទៅព្រំដែនថៃជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋ​កិច្ច សង្គម កាត់បន្ថយការលំបាករបស់ប្រជាជន ឈានដល់ការកាត់បន្ថយភាពក្រីក្រ បង្កើតប្រាក់ចំណូលរបស់ប្រជាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here