កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបញ្ចប់ការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយដំណាក់កាលទី២

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅរាជធានីភ្នំពេញ។

លោកជំទាវ តឹករ៉េត កំរងរដ្ឋលេខាធិការ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និងលោកជូម៉ា អាល់កេត (Juma Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិ​ជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការចរចា និងប្រកាសបិទបញ្ចប់ជាផ្លូវការនៃការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement – CAM-UAE CEPA) ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានក្រុមចរចារបស់ភាគីទាំងពីរ បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាព និងដំណើរការចរចាជុំទី២ នៃកិច្ចព្រមព្រៀង CAM-UAE CEPA ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានផ្លែផ្កា គួរជាទីសោមនស្សរីករាយ ដោយឈរលើមាគ៌ាផលប្រយោជន៍រួម និងបំពេញឲ្យគ្នាទៅវិញទៅមក រួមទាំងអនុលោមតាមបញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។

ភាគីទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង CAM-UAE CEPA នឹងចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជំរុញការតភ្ជាប់ពីតំបន់ទៅតំបន់ជាពិសេសគឺរវាងអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរបានចរចា និងដោះស្រាយរាល់ចំណុច ដែលមិនទាន់មានការឯកភាពគ្នាទាំងស្រុង ដើម្បីឱ្យកិច្ចព្រមព្រៀងCAM-UAE CEPA មានលក្ខណៈស៊ីជម្រៅ តែគិតគូរទៅមុខវែងឆ្ងាយ និងមានភាពបត់បែនឆ្ពោះទៅរកជំហររួម និងអត្ថប្រយោជន៍រួម។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានបន្តធ្វើឱ្យស៊ីជម្រៅ ទៅលើកិច្ចសហប្រតិបត្តិលើគ្រប់វិស័យជាសារវ័ន្ត ដូចជា ពាណិជ្ជកម្មនិងវិនិយោគ សេវាកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ កសិកម្ម ពាណិជ្ជកម្មឌីជីថល អប់រំ ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា -ល- ដែលសុទ្ធសឹងជាធាតុសំខាន់ៗបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here