វិស័យសំណង់នៅប្រទេសិង្ហបុរីចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន ប៉ុន្តែកំពុងប្រឈមបញ្ហាធំៗចំនួន២

ដោយៈ សុខុម

សិង្ហបុរី: ពេលនេះវិស័យសំណង់របស់សិង្ហបុរី កំពុងបង្ហាញសញ្ញាវិជ្ជមាន ដោយទីផ្សារមានសុទិដ្ឋិនិយម លើវិស័យនេះច្រើនជាងមុន ខណៈវិស័យនេះ កំពុងប្រឹងប្រែងជម្នះដោះស្រាយបញ្ហាថ្លៃដើម និងបញ្ហាខ្វះកម្មករដែលបណ្ដាលមកពីវិបត្តិសកល ដូចជា វិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជាដើម។

វិស័យនេះបានប្រឹងប្រែងពុះពារយ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការ និងពេលវេលាកំណត់ ខណៈសម្ភារៈសំណង់ឡើងថ្លៃខ្ពស់ និងមានវិបត្តិខ្វះកម្មកររយៈពេលវែង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែធ្នូ។

ទោះជាយ៉ាងណា ពេលនេះក្រុមហ៊ុនអចលនទ្រព្យនានា កំពុងមានស្ថានភាពប្រសើរឡើងវិញជាសន្សឹមៗហើយ។ ការធ្លាក់ចុះនូវតម្លៃលោហៈ ជាពិសេសដែក បានធ្វើឱ្យក្រុមហ៊ុនទាំងនោះ ដកដង្ហើមបានធូរខ្លះ ប៉ុន្តែពួកគេនៅតែត្រូវដោះស្រាយបញ្ហាខ្វះកម្មករ ដែលបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ផលិតភាពរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

*ថ្លៃដើមធ្លាក់ចុះ

តម្លៃលោហៈ ជាពិសេសដែក កំពុងធ្លាក់ចុះពីកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ប៉ុន្តែវានៅរាងថ្លៃនៅឡើយ។

លោក Allan Tan នាយកគ្រប់គ្រងក្រុមហ៊ុនសាងសង់ United Tec Constructionបាននិយាយថា តម្លៃដែកដែលត្រូវបានប្រើប្រាស់ច្រើន ក្នុងគម្រោងសំណង់ទូទៅ ធ្លាប់មានតម្លៃក្រោម៥៩០ដុល្លារអាមេរិក ក្នុង១តោន។

លោកបន្ថែមទៀតថា ប៉ុន្មានខែកន្លងទៅ ដែកបានហក់ឡើងថ្លៃរហូតដល់ចន្លោះពី៨៩០ដុល្លារអាមេរិក ទៅ៩៦០ដុល្លារអាមេរិក ក្នុង១តោន។ ហើយបច្ចុប្បន្នតម្លៃដែក បានធ្លាក់ចុះមកនៅ៦៦៦ដុល្លារអាមេរិក ក្នុង១តោន។

ទន្ទឹមនេះតម្លៃអាលុយមីញូម ក៏បានឡើងថ្លៃដល់រហូតដល់ទៅ៧០%ផងដែរ ប៉ុន្តែបានធ្លាក់ចុះជាង៣០%វិញពីតម្លៃដើម។

តម្លៃលោហៈបានហក់ឡើងថ្លៃកប់ពពក ដែលបណ្ដាលមកពីការផ្ទុះសង្រ្គាមនៅអ៊ុយក្រែន ដែលជាប្រទេសផ្គត់ផ្គត់លោហៈ ដ៏ធំមួយរបស់ពិភពលោក។

*កង្វះកម្មករ

កង្វះកម្មករជាបញ្ហាប្រឈមធំបំផុត នៅក្នុងវិស័យសំណង់របស់សិង្ហបុរី នាពេលបច្ចុប្បន្ន។

លោក Tee Wei Kang នាយកក្រុមហ៊ុនសាងសង់ CHH Construction & Security Systems បានលើកឡើងថា បញ្ហាដ៏ធំបំផុតរបស់ក្រុមហ៊ុនគឺកង្វះកម្មករ ខណៈក្នុងចំណោមកម្មករ៣នាក់ មានម្នាក់វិលត្រលប់ទៅស្រុកវិញ បន្ទាប់ពីសិង្ហបុរី បើកព្រំដែនឡើងវិញ។

លោកបានពន្យល់ថា មុនពេលផ្ទុះវិបត្តិកូវីដ-១៩ កម្មករភាគច្រើនជាកម្មករជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំ ប៉ុន្តែពេលនេះកម្មករជំនាញទាំងនោះបានត្រលប់ទៅផ្ទះវិញអស់យ៉ាងច្រើន៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here