សម្តេចតេជោនឹងអញ្ជើញសម្ភោធផ្លួវសំខាន់២ខ្សែនៅខេត្ត ព្រះសីហនុនាព្រឹកថ្ងៃនេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមព៌តមានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ មានប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ១១ម៉ែត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងប្រមាណ២២,៣៤គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងសសៃដែក កម្រា​ស់២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ១១ម៉ែត្រ។

ក្នុងគម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះ ក៏មានសាងសង់សំណង់សិល្បការ្យផ្សេងៗដូចជា សាងសង់ស្ពានថ្មីចំនួន១កន្លែង និងពង្រីកស្ពានចាស់ចំនួន ១៧កន្លែង ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន១៦១កន្លែងផងដែរ។

តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល ផ្លូវខេត្តទាំងពីរខ្សែនេះ នឹងដើរ​តួនាទីសំខាន់ ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា លើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះ ឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។

គម្រោងស្ថាបនាផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បានបើកការដ្ឋានសាងសង់ កាលពីអំឡុងខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមការងារបច្ចេកទេស នៃក្រសួងសាធា​រណការ និងដឹកជញ្ជូន ដោយបានចំណាយថវិកាសាងសង់ ប្រមាណ៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here