ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនសម្រេចបានទឹកប្រាក់ជិត១៨០០លានដុល្លារក្នុងរយៈពេល១១ខែ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​- ​ជប៉ុន ក្នុង​រយៈ​ពេល​​ ១១ ​ខែ​ឆ្នាំ​ ២០២២ សម្រេចបាន​ទឹកប្រាក់​សរុប​ជិត​១,៨ ​ពាន់​លាន​ដុល្លារ កើន​ជាង ១៣​ ភាគ​​រយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំមុន។

តារាង​ស្ថិតិ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​ទំនិញ ​នៃ​អគ្គនាយកដ្ឋាន​គយ ឱ្យដឹងថា ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​ជប៉ុន ក្នុង​រយៈពេល១១ ខែ​ឆ្នាំ ​២០២២ មាន​ទឹកប្រាក់​សរុប១៧៨៩,៤៤​ លាន​ដុល្លារ កើន១៣,១​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដែលមាន​ចំនួន១ ៥៨២,០៩ ​លាន​ដុល្លារ​។

ទឹកប្រាក់​នៃ​ការនាំចេញ​របស់​កម្ពុជា មានចំនួន១០៦៩,៣៧​ លាន​ដុល្លារ កើន៦,៨​ភាគរយ និង​នាំ​ពី​ប្រ​​ទេស​ជប៉ុន​មក​កម្ពុ​ជាមាន ៧២០,០៧​ លាន​ដុល្លារ កើន២៤​ភាគរយ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន បាន​កើន​ឡើងជា​លំដាប់ ​ដោយសារ​រ  ដ្ឋា​ភិ​បាល​ប្រទេស​ទាំង២ មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយគ្នា ហើយ​ចំនួន​ក្រុម​ហ៊ុន​ជប៉ុន​វិនិយោគ ​នៅ​កម្ពុជា​ក៏មាន​កាន់តែច្រើន​ដែរ​។

លោក​បន្តថា “ជប៉ុន​ជា​ប្រទេស​មាន​ឧស្សាហកម្ម​រីកចម្រើន និង​គុណភាព​ជីវិត​រស់​នៅមានកម្រិត​ខ្ពស់ ដូច្នេះ​កម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការនាំ​ទំនិញ​ទៅ​ជប៉ុន ពិសេស​ផលិត​​ផល​កសិកម្ម​”។​

ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​ជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​យោងតាមរបាយការណ៍របស់​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញថា ​ជប៉ុន គឺជា​ប្រទេស​ដែលមាន​អ្នក​មក​វិនិយោគ​ផ្ទាល់ ​នៅ​កម្ពុជា​ច្រើនជាងគេ​ទី​ ៥ បន្ទាប់ពី​ប្រទេស​ចិន កូរ៉េ​ខាង​​ត្បូង សិង្ហ​បុរី និង​វៀតណាម​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here