រដ្ឋាភិបាលគ្រោងចំណាយទឹកប្រាក់ជាង២២លានដុល្លារសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ និងទីលានចាក់សំរាមនៅក្រុងកំពង់ចាម

ដោយៈ គង់ ម៉ាលីនណា

       កំពង់ចាមៈ ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម មានតម្លៃប្រមាណជាង ២២លានដុល្លារ នៅក្នុងក្រុងកំពង់ចាម គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ។

ព៌តមាននេះត្រូវបានលើកឡើងដោយលោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ត្រីពាក់ព័ន្ធ ដើម្បីជួបពិភាក្សាការងារជាមួយលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីត្រៀមបើកការដ្ឋានសាងសង់ ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងនឹងត្រៀមរៀបចំពិធីសម្ពោធ បើកការដ្ឋានសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាមនៅក្រុងកំពង់ចាម នាពេលដ៏ខ្លីខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោករស់ វណ្ណា ក៏បានក្រើនរំលឹកផងដែរដល់អាជ្ញាធរខេត្ត ឱ្យត្រៀមរៀបចំធនធានមនុស្សឱ្យបានរួចជាស្រេច ដើម្បីចូលទៅគ្រប់គ្រងសមិទ្ធផលថ្មីនេះ ព្រោះជាបទពិសោធន៍ បញ្ហានេះបានកើតមានឡើងតាមបណ្ដាខេត្តផ្សេងៗ ដែលក្រោយពេលទទួលសមិទ្ធផលហើយជួបបញ្ហាក្នុងការរៀបចំធនធានមនុស្សដើម្បីគ្រប់គ្រង។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យរដ្ឋបាលខេត្តកំពង់ចាមជ្រើសរើសមន្ត្រី ដើម្បីចូលទៅបម្រើការងារ នៅពេលដែលសមិទ្ធផលថ្មីនេះបានសាងសង់រួចរាល់ជាស្ថាពរ និងបានសំណូមពរឱ្យអាជ្ញាធរខេត្តត្រៀមពិនិត្យលទ្ធភាព រកទីតាំងជាស្រេចនៅទីប្រជុំជន ឬតំបន់ណាដែលមានប្រជាជនរស់នៅច្រើន សម្រាប់ត្រៀមរៀបចំស្ថានីយ៍ ចម្រោះទឹកកខ្វក់ដទៃទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្ងាយពីទីប្រជុំជនខ្លាំងពេក ដែលជាកត្ដាចំណាយថ្លៃដើមនៃការដឹកជញ្ជូនខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។

គម្រោងនៃការសាងសង់ស្ថានីយប្រព័ន្ធចម្រោះទឹកកខ្វក់ និងទីលានទុកដាក់សំរាម នៅក្នុងក្រុងកំពង់ចាមនេះ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង២២លានដុល្លារ ហើយការរៀបចំស្ថានីយនេះ ត្រូវបែងចែកជាតំបន់ ដោយត្រូវប្រមូលទឹកកខ្វក់ ចេញពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងតំបន់អគារពាណិជ្ជកម្ម ចូលទៅក្នុងតំបន់ធំមួយ ដើម្បីធ្វើប្រព្រឹត្តកម្មមុននឹងបង្ហូរចូលក្នុងប្រភពទឹកសាធារណៈ។

នៅពេលស្ថានីយ៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ត្រូវបានសាងសង់រួចរាល់ក្រុងកំពង់ចាមទាំងមូល នឹងលែងមានក្លិនស្អុយតទៅទៀតហើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here