ប្រធានាធិបតីអ៊ុយក្រែនគ្រោងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកជាលើកដំបូងចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង

ដោយ: លាងហួរ

 

វ៉ាស៊ីនតោន: ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គ្រោងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំ ដែលអាចធ្វើទៅបាន ជាមួយលោក ចូ បៃដិន និងសុន្ទរកថាទៅកាន់សភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា កិច្ចប្រជុំសេតវិមានអាចបង្ហាញពីសេចក្តីប្រកាសរបស់លោកចូ បៃដិន អំពីកញ្ចប់សព្វាវុធថ្មី សម្រាប់ទីក្រុងគៀវ រួមទាំងមីស៊ីលប្រភេទ Patriot ផងដែរ។

លោក Zelensky ដែលបានដឹកនាំប្រទេសសង្គ្រាម ដោយគ្មានការសម្រាករយៈពេល១០ខែ បានថ្លែងជាញឹកញាប់ទៅកាន់ក្រុមថ្នាក់ដឹកនាំ និងអ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែគ្រាន់តែតាមទូរស័ព្ទ និងវីដេអូសន្និសីទប៉ុណ្ណោះ។

ដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់លោក Zelensky ទទួលស្គាល់ថា សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់បំផុត នៃកិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាម ដោយបានផ្តល់ជំនួយសរុបប្រមាណ៥០ពាន់លានដុល្លារ រួមទាំងជំនួយផ្នែកសន្តិសុខចំនួន២០ពាន់លានដុល្លារផងដែរ។

កាលពីថ្ងៃអង្គារកន្លងទៅ លោក Zelensky បានទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែន នៅទីក្រុង Bakhmut ដែលបច្ចុប្បន្ននេះជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នា និងជាបន្ទាយជួរមុខផងដែរ។

ដំណើរ​ទស្សនកិច្ច​ដោយ​មិន​បាន​ប្រកាស​នោះ​បាន​កើត​ឡើង​  ខណៈ​វិមាន​ក្រឹមឡាំង​បាន​ប្រកាស​ថា លោក វ្ល៉ាឌីមៀ ពូទីន នឹង​ជួប​ក្រុមមន្ត្រី​យោធា​ជាន់​ខ្ពស់ ​នៅ​ថ្ងៃ​ពុធ ដើម្បី​វាយតម្លៃលើការ​វាយ​លុក​ទ្រង់ទ្រាយធំ មក​លើ​អ៊ុយក្រែន ​រហូត​មក​ដល់​ពេល​នេះ និង​កំណត់​គោលដៅ​ សម្រាប់​ឆ្នាំ​ក្រោយ​ បន្ទាប់​រុស្ស៊ីបានបរាជ័យ ​ក្នុង​សមរភូមិ​ជា​បន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here