ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េសម្រេចបានទឹកប្រាក់៦៥៩លានដុល្លារ ក្នុងរយៈពេល១០ខែ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា កូរ៉េសម្រេចបានកំនើន៤ភាគរយ ដោយមានទំហំទឹកប្រាក់៦៥៩លានដុល្លារអាមេរិក។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងបែបនេះ ក្នុងឱកាសទទួលជួប លោក PARK HEUNG-KYENONG ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាដែលចប់អណត្តិ ដើម្បីសម្ដែងការគួសម និងជម្រាបលាកាលពីថ្ងៃទី២០ ធ្នូកន្លងមកនេះ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ហាក់មានផលវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងនោះមានការកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណ៧៧២ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ៧២៩ លានដុល្លារអាម៉េរិក គឺមានការកើនឡើងប្រមាណ៦%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្នុងន័យនេះដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គ្រាន់តែពីរសប្តាហ៍ក្នុងខែធ្នូ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ០,៥ លានដុល្លារអាមេរិក។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ លោកឯកអគ្គរដ្ឋទូតនូវសមិទ្ធិផលនានាក្នុងការរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ជាពិសេ​សកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស្អិតរមួត និងរីកចម្រើន។

លោកប៉ាន សូរស័ក្តិ ក៏បានសង្កត់ធ្ងន់នូវការផ្តល់ជំនួយហិរញ្ញប្បទាន និងបច្ចេកទេសពីសំណាក់រដ្ឋាភិបាល និងប្រជាជនកូរ៉េក្នុងការគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាន នូវសមិទ្ធិផលថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលធ្លាប់បានផ្តល់ការគាំទ្រសាធារណរដ្ឋកូរ៉េ ជាបេក្ខភាពអគ្គនាយកអង្គការពាណិជ្ជកម្មអន្តរជាតិ កាលពីឆ្នាំ២០២១ កន្លងទៅ។

លើសពីនេះទៀត ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here