អភិបាលខេត្តព្រះសីហនុមិនអនុញ្ញាត្តឲ្យប្រជាពលរដ្ឋសាងសង់សំណង់អាណាធិបតេយ្យក្នុងខេត្ត

ដោយៈ គង់ ម៉ាលីនណា

       ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានប្រាប់ប្រជាពលរដ្ឋក្នុងខេត្ត មិនត្រូវសាងសង់សំណង់អាណាធិបតេយ្យ ក្នុងមូល ដ្ឋានរបស់ខ្លួនឡើយ។

លោកលើកឡើងបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ មានសំណួរ និងសំណូមពរសរុបចំនួន៣០ ក្នុងនោះប្រជាពលរដ្ឋឡើងលើកជាសំណួរ និងសំណូមពរចំនួន៩នាក់ និងសំបុត្រ២១មតិភាគច្រើន លើកជាសំណូមពរក្នុងការកសាងពង្រីកផ្លូវ និងប្រព័ន្ធអូរ ប្រឡាយ។

លោកបានបន្តថា សម្រាប់ដំណើរការអភិវឌ្ឍឆ្នាំ ២០២៣ និងផែនការគម្រោងវិនិយោគ ៣ឆ្នាំរំកិល ដែលគណៈអភិបាលក្រុង ស្រុក ខេត្តបានអនុវត្តកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាកញ្ចប់ថវិកាចំណូលរបស់ខេត្តប្រើប្រាស់ ក្នុងការបើកប្រាក់បៀវត្យជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងដំណើរការចរន្តការងាររបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍមូលដ្ឋានមាន ដូចជា ការងារសង្គម ការងារសុខាភិបាល និងកិច្ចគាំពារសង្គមជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ អភិបាលខេត្ត បានទទួលយកសំណើ និងសំណូមពររបស់អ្នកចូលរួមដែលបានស្នើសុំខាងលើ និងដោះស្រាយកង្វល់របស់មូលដ្ឋានដោយបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អាជ្ញាធរក្រុង សង្កា​ត់ មន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋចូលរួម សិក្សារួមគ្នាគ្រប់គ្រងសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីភាពស្អាតបញ្ចៀសនូវការបោះចោលសំរាមនៅតាមអូរ ប្រឡាយបង្កឱ្យមានការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា។

ទន្ទឹមនោះ លោកគួច ចំរើនបានបញ្ជាក់ថា រដ្ឋបាលខេត្ត មិនអនុញ្ញាតឱ្យមានសំណង់អនាធិបតេយ្យ កើតមាននៅលើដីសាធារណៈរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនោះទេ ព្រោះវាធ្វើឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្រុង ខេត្តព្រះសីហនុរបស់យើង ដែលមតិប្រតិភូអន្តរជាតិបានកោតសរសើរ និងវាយតម្លៃខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្នមានលំហរឆ្នេរសាធារណៈ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អ មានភ្លើងបំភ្លឺសាធារណៈជាដើម ក្នុងឱកាសដែលគណៈប្រតិភូអន្តរជាតិបានមកចូលរួមបុណ្យសមុទ្រលើកទី៩ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកលើក១៦ ឆ្នាំ២០២២ កាលពីថ្ងៃទី៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ នៅលើទឹកដីខេត្តព្រះសីហនុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here