លោកសាយ សំអាល់ៈកម្ពុជាមានលទ្ធភាពពេញលេញដែលអាចទទួលបានហិរញ្ញប្បទានបៃតង

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានបៃតង (Green Financing) ដោយបានថ្លែងថា កម្ពុជាមានលទ្ធភាពពេញលេញ ដែលអាចទទួលបានហិរញ្ញប្បទានបៃតង(Green Financing) ពីមូលនិធិអាកាសធាតុបៃតង(GCF)”។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ ទៅកាន់អ្នកចូលរួមមកទាំងអស់ នាកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានបៃតង នៅទីស្ដីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយហិរញ្ញប្បទានបៃតង  និងចែករំលែកអំពីនីតិវិធីទៅដល់អង្គភាព/ ស្ថាប័នដទៃទៀតដូចជាគ្រឹះស្ថានហិរញ្ញវត្ថុជាដើម ក្នុងការទទួលបានជាអង្គភាពទទួលបានមូលនិធិផ្ទាល់(Accredited Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ថា កម្ពុជាស្ថិតក្នុងស្ថានភាព ដែលអាចទាញយកហិរញ្ញប្បទានបៃតងនេះ ពីពិភពលោក ដើម្បីមកប្រើប្រាស់បម្រើដល់ប្រយោជន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងន័យធានាបានការអភិវឌ្ឍ ដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ។

លោកថ្លែងថា កត្តាសំខាន់ៗ ដែលកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង រួមមាន៖ ១) កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ(UNFCCC) ២) កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិពីភាពជោគជ័យក្នុងការ លើកកម្ពស់សុខភាពប្រជាជន លើកម្ពស់ការអប់រំស្ដីពីការប្រែប្រួលអាកាសធាតុ និងជាពិសេសជាដៃគូដ៏សំខាន់គ្រប់ជ្រុងជ្រោយនៅលើឆាកអន្តរជាតិ និង៣) កម្ពុជាបានដាក់ជូន“របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ” ទៅលេខាធិការដ្ឋានUNFCCC ដូចដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានអបអរសាទរ និងកោតសរសើរកម្ពុជាចំពោះការប្តេជ្ញាចិត្ត ក្នុងការប្រយុ​ទ្ធនឹងការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះ អាចសម្រេចទៅបានដរាប ណាប្រទេសមានសុខសន្តិភាព និងស្ថេរភាពនយោ​បាយ ដែលជាកត្តាស្នូលរបស់កម្ពុជា និងពិភពលោកទាំងមូល។

អង្គភាពដំបូងគេនៅកម្ពុជា ដែលបានទទួលបានមូលនិធិផ្ទាល់(Accredited Entity) ពីមូលនិធិអាកាសធាតុបៃតងនៅកម្ពុជាគឺ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប – NCDD)។

មូលនិធិអាកាសធាតុបៃតង(GCF) ត្រូវបានអនុម័តជាយន្តការហិរញ្ញវត្ថុនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដែលលើកកម្ពស់ការអភិវឌ្ឍន៍ ដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here