សមាគមសហគ្រិនវ័យក្មេងមានសមាជិក៥១៥នាក់និងអាជីវកម្ម ជាង៩០០ហើយ

   ដោយៈ ម៉ាលីនណា

       ព្រះសីហនុ​  អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានអញ្ជើញសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ នៅសណ្ឋា​គារសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ការបង្កើតសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ ក្នុងគោលបំណង ធ្វើឡើងស្របតាមទិសដៅយុទ្ធសាស្ត្រសមាគម ដែលចង់ឃើញធុរកិច្ចកម្ពុជាមានការរីកចម្រើន និងដើរទាន់បរិបទឧស្សាហកម្ម (៤.០) អាចប្រកួតប្រជែងជាមួយធុរកិច្ច ថ្នាក់តំបន់ សាកល ចងក្រងបណ្ដាញសហគ្រិន ផ្ដល់អំណាចដល់សហគ្រិនវ័យក្មេង ពិសេសសហគ្រិនស្ត្រី ដើម្បីលើកកម្ពស់សហគ្រិនថ្នាក់ក្រោមជាតិ និងយុវជន។

កិច្ចការទាំងនេះធ្វើឡើង តាមរយៈការបង្កើតវេទិកាចងក្រង និងពង្រឹងបណ្ដាញសហគ្រិន ការចែករំលែកការរៀន សូត្រពីធុរៈកិច្ច បង្កើតអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយជាគ្រឹះសម្រាប់សេដ្ឋកិច្ចកម្ពុជានាពេលបច្ចប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “មកដល់បច្ចុប្បន្នសមាគម មានសមាជិកចំនួន៥១៥នាក់ ដែលសុទ្ធតែជាម្ចាស់អាជីវកម្ម លើក្រុមហ៊ុនប្រមាណជាង៩០០នៅកម្ពុជា”។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ដោយបាន​សម្តែងការកោត​សរសើរ និងវាយតម្លៃដល់សមាគម​សហគ្រិន​វ័យក្មេងកម្ពុជា (YEAC) ដែលបានបង្កើតឡើងពីឆ្នាំ២០០៩ បានពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីជួយដល់សហគ្រិនក្នុងស្រុក តាមរយៈការបើកសាខានៅតាមបណ្តាខេត្តសំខាន់ៗ ជាក់ស្តែងកាលពីពាក់កណ្តាលឆ្នាំនេះ សមាគ​មបានពង្រីកសាខារបស់ខ្លួន មកដល់ខេត្តព្រះសីហនុ បានកៀរគរសមាជិក សមាជិកាក្រុមប្រឹក្សាភិបាល រហូតឈានដល់ការសម្ពោធជាផ្លូវការនារសៀលនេះ។

លោកបន្តថា “ខ្ញុំសង្ឃឹមថា សមាគមនឹងចូលរួមចំណែក ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ផ្តល់ឱកាសកសាងសមត្ថភាព ចងក្រងបណ្តាញអាជីវកម្ម និងពង្រឹងដៃគូរអាជីវកម្មរបស់ខ្លួន តាមរយៈកម្មវិធីនានា រួមមានវគ្គបណ្តុះបណ្តាលគាំទ្រដល់សហគ្រាសធុនតូច ​និងមធ្យមតាមតំបន់ឆ្នេរ ការចងក្រង និងបោះពុម្ពសៀវភៅមគ្គុទេស វិនិយោគសម្រាប់ខេត្តព្រះសីហនុ”។​លោកបន្តថា  “កិច្ចការនេះសម្រេចបានរលូន លុះត្រាតែមានការសហការគ្នារវាងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល”។​

ម្យ៉ាងទៀតវិស័យ​សហគ្រាសធុនតូច និងមធ្យម(MSMEs) ជាសរសៃឈាម​សេដ្ឋកិច្ចប្រទេសកម្ពុជា វត្តមានសមាគមពិតជាមានសារៈសំខាន់ ក្នុងការជួយប្រមូលផ្តុំ គាំទ្រសហគ្រាសធុនតូច និងមធ្យមរួមទាំងបង្កើតកម្មវិធីអប់រំ ចែករំលែកដល់យុវជន ពិសេសកម្មវិធីពន្លកសហគ្រិន សុទ្ធតែជាការចូលរួមចំណែកធ្វើឱ្យអាជីវ កម្មរបស់ពួកគេមានការអភិវឌ្ឍរីកចម្រើន ដើម្បីប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការបង្កើតថ្មីក្នុងប្រទេស តំបន់ និងសកលលោក​។

លោកគួច ចំរើនបានបន្តថា ខេត្តព្រះសីហនុមានសក្តានុពលធនធានធម្មជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា ជាមួយសន្ទុះការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារៈ​នាទិសនិរតី” ស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានទៅសម្រេចបាន ឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here