រដ្ឋមន្រ្តីពាណិជ្ជកម្មបើកកិច្ចចចាជុំទី២នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម

   ដោយៈ គង់ ម៉ាលីនណា

 

ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារសហ្វីតែលភ្នំពេញ ដោយមានការដឹកនាំកិច្ចប្រជុំដោយលោកប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និងលោកជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់ តំណាងអន្តរក្រសួង នៃប្រទេសទាំងពីរ។

ថ្លែងក្នុងមតិស្វាគមន៍នៃកិច្ចប្រជុំ ប្រធានក្រុមចរចារបស់ភាគីទាំពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង Cambodia-UAE CEPA នាពេលឆាប់ៗនេះ សំដៅលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមរយៈការធ្វើពិពិធកម្មទីផ្សារ សម្រាប់នាំចេញទំនិញ និងសេវាកម្ម ព្រមទាំងការបង្កើតកាលានុវត្តភាព សម្រាប់ការវិនិយោគ និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព។

ក្នុងឱកាសនោះ លោកប៉ាន សូរស័ក្តិបានថ្លែងសុន្ទរកថាប្រកាសបើកការចរចាជុំទី២ជាផ្លូវការនៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលការចរចានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានគូសបញ្ជាក់ថា Cambodia-UAE CEPA មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះ នឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនង ដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវកាលានុវត្តភាពជាច្រើនទៀត ដែលភាគីទាំងពីរអាចច្បាមយក សម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្រ្តី បានស្នើឱ្យក្រុមការងារចរចារបស់ភាគីទាំងពីរ បន្តខិតខំព្យាយាមចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀង Cambodia-UAE CEPA នាពេលឆាប់ៗ សំដៅបម្រើដល់អត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ វិនិយោ​គិន និងធុរជនរបស់ប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here