បរិមាណការនាំចេញកៅស៊ូរបស់ប្រទេសកម្ពុជាកើនឡើង ខណៈតម្លៃធ្លាក់ចុះបន្តិចបន្តួច

ដោយ៖ សុផារី

ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា ប្រទេសកម្ពុជារកចំណូលបានជិត៤៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៤៦៩.៧០២.៦២៨ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៤៦៥.៨៣៨.៣៨៨ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន៣.៨៦៤.២៤០ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន៣២២.៥៨៦តោន បានកើនឡើងចំនួន៩.១៣៩តោន ស្មើនឹង១៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន២៤.៩៨៩ម៉ែត្រគូប។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ថ្លៃ១.២៣១ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៣១ដុល្លារក្នុងមួយតោន ស្មើនឹង២,៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤.៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន៨៩.២៤៦ហិកតា ស្មើនឹង២២%។

នៅឆ្នាំ២០២១កន្លងមកនេះ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦.៣០០តោន និងនាំចេញឈើកៅស៊ូចំនួន៤៥៤ម៉ែត្រគូប៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here