ប្រធានាធិបតីអ៊ុយក្រែនកំណត់ការការពារព្រំដែនជាអាទិភាពរបស់ខ្លួន ខណៈលោកពូទីនបានបំពេញទស្សនកិច្ចទៅបេឡារុស្ស

ដោយ: លាងហួរ

ក្រុងគៀវ: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានមានប្រសាសន៍ថា ការការពារព្រំដែនរបស់អ៊ុយក្រែន គឺជា“អាទិភាព”

ហើយអ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់គ្រប់សេណារីយ៉ូ ដែលអាចកើតមានជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស្សរបស់រុស្ស៊ី។

លោក Zelenskyy បានថ្លែងក្នុងសុន្ទរកថា ជាវីដេអូទៅកាន់ប្រជាជនអ៊ុយក្រែន និងអំពាវនាវទៅកាន់ប្រទេសលោកខាងលិច ដើម្បីស្នើសុំអាវុធការពារដែនអាកាសកាន់តែប្រសើរឡើង  ដែលជាជំហានមួយដ៏មានឥទ្ធិពល​បំផុតដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ការព្រមានអំពីការវាយឆ្មក់តាមដែនអាកា​សជាថ្មីម្តងទៀត បានផ្ទុះឡើងលើទីក្រុងគៀវ និងភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដោយមានការបង្ហោះវីដេអូ នៃការបំផ្ទុះពាសពេញប្រព័ន្ធផ្សព្វ​ផ្សាយសង្គម។

លោក Zelenskyy បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំមួយនៃបញ្ជា​ការយោធាកំពូលរបស់អ៊ុយក្រែនថា “ការការពារព្រំដែនរបស់យើងជាមួយរុស្ស៊ី និងបេឡារុស្ស គឺជាអាទិភាព ហើយយើងកំពុងរៀបចំសម្រាប់សេណារីយ៉ូការពារទាំងអស់ដែលអាចកើតមាន”។

លោក Zelenskyy បានថ្លែងបែបនេះ នៅមុនថ្ងៃនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសបេឡារុស្ស របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្របពេលមានការពិភាក្សា អំពីការវាយលុកថ្មីរបស់រុស្ស៊ី ដែលអាចអាចមានប្រភពមកពីប្រទេសបេឡារុស្ស។

ប្រទេសបេឡារុស្ស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ហើយលោកប្រធានាធិបតី Alexander Lukashenko បានអនុញ្ញាតឱ្យទឹកដីនៃប្រទេសរបស់លោក ត្រូវបានប្រើប្រាស់ ដើម្បីចាប់ផ្តើមការឈ្លានពានរបស់រុស្សុីមកលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។

ទោះបីជាយ៉ាងណាក្តី លោក​បាន​អះអាងម្តង​ហើយ​ម្តង​ទៀត​ថា លោក​គ្មាន​ចេតនា​ បញ្ជូន​ទាហាន​របស់​ប្រទេស​បេឡារុស្ស ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here