សម្ដេចតេជោ៖ ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានសម្រេចបានជិត៦៧០ពាន់លានដុល្លារអាមេរិក

ដោយ៖​លក្ខិណា

ភ្នំពេញ ៖ ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន ដោយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិននិងនិងអាស៊ាន ក៏ដូចជាកម្ពុជាកើនឡើងជាបន្តបន្ទាប់។ ក្នុងនោះ កាលពីឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានសម្រេចបានរហូតដល់៦៦៩ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិត របស់មេដឹនាំឆ្នើមពេញមួយជីវិត កាលពីព្រឹកថ្ងៃទី១៩ ធ្នូ ២០២២ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការអាស៊ាន ចិនបានរីកចម្រើនជាលំដាប់ ក្នុងរយៈពេល៣ទសវត្សរ៍។ កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន កាលពីឆ្នាំ២០២១ ហើយក៏កំពុងឈានទៅស្ថាបនា តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី៣.០នាពេលឆាប់ៗខាងមុខ។

សម្ដេចបានមានប្រសាសន៍បន្ថែមថា  ចិនជាជាដៃគូពាណិជ្ជកម្មធំបំផុតទី១របស់អាស៊ាន ដោយពាណិជ្ជកម្មទំនិញសរុប រវាងអាស៊ាន-ចិន បានកើនឡើងរហូតដល់ប្រមាណ៦៦៩ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២១ ពោលគឺកើនឡើង២៨ភាគរយ ខណៈរំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ពីចិនមកអាស៊ានមានចំនួន១៣,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១កន្លងទៅនេះ ដែលកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងការចូលរួមចំណែកទាំងនេះ ផ្អែកតាមការវាយតម្លៃនិងព្យាករ របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន បូកបី កាលពីខែតុលាកន្លងទៅនេះ តំបន់អាស៊ាននឹងសម្រេចបានកំណើនក្នុងអត្រា៥,៣ភាគរយនិង៤,៩ភាគរយក្នុងឆ្នាំ ២០២២និងឆ្នាំ២០២៣រៀងគ្នា ដែលជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក។

សម្ដេចបានបន្ថែមថា ក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ចនិងសង្គមដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមក កាន់តែញឹកញាប់ កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកំណើននៃប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជនផងដែរ។ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា និងចិន មានការរីកចម្រើនគួរជាទីមោទនៈ រហូតត្រូវបានទទួលស្គាល់ថា ជាមិត្តភាពដែកថែប ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ១១ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលជាភាគរយកើនឡើង៣៧ភាគរយធៀបនឹងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here