កម្ពុជាស្នើសភាពាណិជ្ជកម្មអឺរ៉ុប កៀងគរអ្នកវិនិយោគមកកម្ពុជាបន្ថែមដើម្បីចូលរួមស្ដារសេដ្ឋកិច្ចក្រោយវិបត្តិ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ កម្ពុជា បានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ឱ្យជួយទាក់ទាញកៀងគរអ្នកវិនិយោគដែលជាសមាជិករបស់ខ្លួន មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមជួយស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើង ក្នុងជំនួបរវាង លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជានៅថ្ងៃទី១៤តុលា២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិត អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពការងារ ដែលកម្ពុជាសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នាពេលកន្លងមក ទាំងលើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលើវិស័យវិនិយោគ។ លោកថា “ដោយសារវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជា បានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យនានាមួយចំនួនទៀត ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយបញ្ហាទាំងនេះ ដោយបានធ្វើពិពិធកម្មសេដ្ឋកិច្ចឡើងវិញ”។

លោកបានស្នើដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ធ្វើយ៉ាងណាផ្ដល់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិនានារបស់កម្ពុជា។

លោកក៏បានស្នើរដល់សភាពាណិជ្ជកម្មអឺរ៉ុប ជួយទាក់ទាញអ្នកវិនិយោគដែលជាដៃគូរបស់ខ្លួន ឱ្យមកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត ហើយកម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុប។ ព្រោះថាសហគមន៍អឺរ៉ុប មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសវៀតណាម ដូច្នេះម្ចាស់រោងចក្រ សហគ្រាសអឺរ៉ុប ដែលនៅវៀតណាម ក៏អាចមកបើកសាខានៅប្រទេសកម្ពុជាបានដែរ ដើម្បីបង្កើតឱកាសការងារថ្មីៗ បង្កើនផលិតភាពសម្រាប់ការនាំចេញទៅអឺរ៉ុប។

ចំពោះសំណើនេះត្រូវបានលោក Tassilo BRINZER ឯកភាពយល់ព្រម និងបានបញ្ជាក់ថា លោកនឹងប្រកាសគៀងគរអ្នកវិនិយោគដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុប ពិសេសនៅប្រទេសជិតខាងមានប្រទេសថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជា ខណៈបរិយាកាសវិនិយោគនៅកម្ពុជាមានស្ថានភាពល្អប្រសើរ។

លោកសន្យាថា នឹងខិតខំធ្វើឱ្យផលិតផលដែលផលិតបាននៅកម្ពុជា មានលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការល្អប្រសើរជាងមុន ដើម្បីធានាថា ផលិតផលដែលនាំចេញទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតកាន់តែមានស្ដង់ដាខ្ពស់។

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ មកទល់បច្ចុប្បន្នមានសមាជិកជាង៣៥០និង៦សាខានៅកម្ពុជា ដែលក្នុងនោះមាន១១ប្រទេសមកពីសហភាពអឺរ៉ុប។ សកម្មភាពចម្បងរបស់សភាពាណិជ្ជកម្ម គឺផ្សព្វផ្សាយគាំទ្រ និងតំណាងសមាជិករបស់ខ្លួនក្នុងការសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបរិយាកាសពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here