លោកស៊ុន ចាន់ថុលៈរដ្ឋាភិបាលស្នើកម្ចី៦០លានដុល្លារពីជប៉ុនដើម្បី សាងសង់កំពង់ផែទឹកជ្រៅថ្មី

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានលើកសំណើដល់ភាគីជប៉ុនពិចារណា លើការផ្តល់ប្រាក់កម្ចីន្ថែម ៦០លានដុល្លារ លើគម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ដោយសារការធ្លាក់ចុះ​នៃប្រាក់​យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។

គម្រោងនេះ មានទំហំទឹកប្រាក់ប្រមាណ២០៣លានដុល្លារ សហរដ្ឋអាមេរិក ដោយធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ បំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើបែបនេះ នៅក្នុងជំនួបទ្វេភាគីជាមួយ លោកMORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ុន ចាន់ថុលបានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ១៩៩៩ មក ក្រោមការគាំទ្ររបស់ជប៉ុន តាមរយៈកិច្ចសន្យាហិរញ្ញប្បទាន និងជំនួយឥតសំណងនានា កំពង់ផែក្រុងព្រះសីហនុ បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ កំពង់ផែក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ ជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ ប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុប។

គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រ ព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាព ឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។ នេះបើតាមលោក ស៊ុន ចាន់ថុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here