EDCតភ្ជាប់រោងចក្រថាមពលពន្លឺព្រះអាទិត្យ៦០មេហ្គាវ៉ាត់ទៅកាន់ បណ្តាញជាតិ

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា បានឱ្យដឹងថា រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យចំនួន៦០មេហ្គាវ៉ាត់ ក្នុងចំណោមឧទ្យានជាតិសូឡា ដែលមានសមត្ថភាពផលិតថាមពល១០០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំងត្រូវបានតភ្ជាប់ទៅកាន់បណ្តាញជាតិ។

តាមរយៈថ្លែងការណ៍មួយបានបង្ហាញថា ឧទ្យានជាតិសូឡាត្រូវបានសាងសង់ដោយអគ្គិសនីកម្ពុជា(EDC) ដោយមានការគាំទ្រពីធនាគារអភិ វឌ្ឍន៍អាស៊ី (ADB) ហើយការដេញថ្លៃប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិត្រូវបានរៀបចំឡើង ដើម្បីដេញថ្លៃអង្គភាពផលិតថាមពលអគ្គិសនី ទៅឱ្យវិស័យឯកជន ជាពីរដំណាក់កាលគឺ៦០មេហ្គាវ៉ាត់ និង៤០មេហ្គាវ៉ាត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក កែវ រតនៈ នាយកគ្រប់គ្រង EDC បានមានប្រសាសន៍ថាធនាគារADB គឺជាតួអង្គដំបូងមួយក្នុងការជួយកម្ពុជា បង្កើនលទ្ធភាពប្រើប្រាស់បណ្តាញអគ្គិសនីតាមផ្ទះពី១៧ភាគរយ ក្នុងឆ្នាំ២០០៨ដល់ជិត៩០ភាគរយនៅឆ្នាំ២០២១ ព្រមទាំងជួយកាត់បន្ថយថ្លៃអគ្គិសនី ទូទាំងប្រទេសផងដែរ។

លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានមានប្រសាសន៍ថា ធនាគារមានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រ ដល់ការបង្កើតឧទ្យានជាតិសូឡា ដែលជាគម្រោងសំខាន់មួយ មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

លោកបានមានប្រសាសន៍បន្តថា” ការផលិតថាមពលពន្លឺព្រះអាទិត្យនឹងត្រូវក្លាយជាផ្នែកសំខាន់មួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រីកលទ្ធភាពរបស់ខ្លួន ក្នុងការទទួលបានតម្លៃថាមពលសមរម្យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here