មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំប្រមុខអង្គភាព កម្មសិទ្ឋបញ្ញាអាស៊ាន

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអ៊ុក ប្រជា បាន ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំប្រមុខអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន និងអង្គភាពប្រកាសនីយបត្រតក្កកម្ម នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

កិច្ចប្រជុំដ៏មានអត្ថន័យនេះ មានគោលបំណងដើម្បីបង្ហាញការយកចិត្តទុកដាក់លើទិសដៅ យុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ នៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ទី១. ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ ផែ្នកកម្មសិទ្ធិបញ្ញា និងទី២ ភាពជឿនលឿននៃប្រព័ន្ធកម្មសិទ្ធិបញ្ញា ។

កិច្ចប្រជុំនេះ ក៏នឹងផ្តល់ជូនប្រមុខអង្គភាពកម្មសិទ្ធិ អាស៊ានទាំងអស់ នូវឱកាសមួយ ដើម្បីពិភាក្សាអំពីសារៈសំខាន់ នៃប្រព័ន្ធអេកូកម្មសិទ្ធិបញ្ញា ដែលពាក់ព័ន្ធទៅនឹងការច្នៃប្រឌិត ដែលជាគន្លឹះក្នុងការសម្រេចបាននូវគោ​លដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអ៊ុក ប្រជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គភាពកម្មសិទ្ធិបញ្ញា អាស៊ាន និងអង្គភាពប្រកាសនី​យបត្រតកក្កម្មកូរ៉េ តាមរយៈការផ្តល់ជំនួយបច្ចេកទេស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចច្នៃប្រឌិត កម្មសិទ្ធិបញ្ញា ការបង្រួមគម្លាតឌីជីថល ការតភ្ជាប់ឌីជីថល បច្ចេកវិទ្យាកសិកម្ម រដ្ឋាភិបាលឌីជីថល និងការរៀបចំសម្រាប់បដិវត្តន៍ឧស្សាហកម្មទីបួន (4IR) ជាពិសេសសម្រាប់សហគ្រាស (MSMEs) ខ្នាតតូច ខ្នាតតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស។

ក្នុងឱកាសដាច់ដោយទ្បែក លោកអ៊ុក ប្រជាប្រធានគណៈប្រតិភូ ក៍បានចូលរួមកិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងអង្គភាពប្រកាសនីយបត្រតកក្កម្មកូរ៉េ ស្តីពី “ការផ្លាស់ប្តូរព័ត៌មាន នៃវឌ្ឍនៈភាពកម្មសិទ្ធិបញ្ញា ដូចជា ការធ្វើនិយ័តកម្មលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា ការបង្កើតវិទ្យាស្ដានបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញាជាតិ និងគម្រោ​ងបង្កើតមជ្ឈបណ្ឌលគាំទ្រ ព័ត៌មានបច្ចេកវិទ្យា (TISC) និងបន្តគំាទ្រការអនុវត្តន៍គោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលនឹងអនុម័តដោយរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here