បច្ចេកវិទ្យានឹងចូលរួមប្រែក្លាយរាជធានីបាងកកជាទីក្រុងឆ្លាតវៃ

ដោយ: លាងហួរ

បាងកក: អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានមានប្រសាសន៍កាលពីថ្ងៃអង្គារម្សិលមិញនេះថា ទីក្រុងមួយនឹងក្លាយទៅជាទីក្រុងឆ្លាតវៃ ប្រសិនបើបច្ចេកវិទ្យាត្រូវបានអនុវត្តន៍ ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។

លោកបានថ្លែងដូចនេះ នៅក្នុងសិក្ខាសាលា “Thailand Smart City: Bangkok Model” ដែលរៀបចំដោយ Nation TV និង Post Today នៅសណ្ឋាគារ Grand Hyatt Erawan ។

លោក Chadchart បានបន្តថា រដ្ឋបាលក្រុងបាងកក (BMA) កំពុងធ្វើការក្នុងការប្រែក្លាយរាជធានីរបស់ខ្លួន ទៅជាទីក្រុងឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាពការងារ កែលម្អគុណភាពជីវិត បង្កើតឱកាស និងទទួលបានទំនុកចិត្តពីប្រជាជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បញ្ជាក់ថា​ “វា​នឹង​មានការពិបាក​ ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​មួយ ​ប្រសិន​បើ​ប្រជាជន​មិន​ជឿជាក់​លើ​យើង​។  ដូច្នេះហើយ ទីក្រុងឆ្លាតវៃត្រូវ​តែបំពេញនូវទិដ្ឋភាពទាំងអស់នេះ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា”។

កង្វះតម្លាភាព គឺជាបញ្ហាប្រឈមដ៏សំខាន់ ដែលលោកបានជួបប្រទះ ចាប់តាំងពីលោកបានចូលកាន់តំណែង ជាអភិបាលក្រុងបាងកក កាលពីដើមឆ្នាំនេះ។

ដូច្នេះហើយ ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាជន រដ្ឋបាលក្រុងបាងកក(BMA) បានចាប់ផ្តើមកម្មវិធី Traffy Fondue ដើម្បីអនុញ្ញាតឱ្យប្រជាជនបាងកកអាចដាក់ពាក្យបណ្តឹងបាន។

លោកChadchart បានមានប្រសាសន៍ថា វាចាំបាច់ក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដូចជា ចរាចរណ៍ ការគ្រប់គ្រងកាកសំណល់ និងការថែទាំសុខភាពសហគមន៍ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរ ដោយរលូនទៅកាន់ទីក្រុងឆ្លាតវៃ។

លោកអភិបាលបានបន្ថែមថា BMA ក៏បានធ្វើឱ្យអ្វីៗ កាន់តែមានតម្លាភាព ដោយផ្តល់ឱ្យប្រជាពលរដ្ឋ នូវលទ្ធភាពទទួលបានទិន្នន័យទាំងអស់។

ទន្ទឹមនឹងនេះ លោក Wasit Wattanasap ប្រធានផ្នែកប្រតិបត្តិការទូទាំងប្រទេស និងគាំទ្រសម្រាប់សេវា Advanced Info Service (AIS) បានមានប្រសាសន៍ថា បច្ចេកវិទ្យាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រោះវានឹងជួយដល់មនុស្សក្នុងការសម្រេចចិត្ត។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈមានភាពចាំបាច់ ដើម្បីធានាថាការផ្លាស់ប្តូរ ទៅជាទីក្រុងឆ្លាតវៃដំណើរការដោយរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here