អ្នកជំនាញ៖ ការបង្កើតលេខាធិការដ្ឋានអាស៊ាននៅក្រុងភ្នំពេញជំរុញឱ្យដំណើរការអនុវត្តកិច្ចព្រមព្រៀងអាសិបមានប្រសិទ្ធិភាព

ដោយ៖ សុផារី

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋាន RCEP នៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រ និងសម្បទានចាំបាច់នានា។ អ្នកជំនាញមើលឃើញថា ការបង្កើតលេខាធិការដ្ឋាន RCEP នៅរាជធានីភ្នំពេញជារឿងសមស្របមួយ ដែលនឹងជួយជំរុញឱ្យដំណើរការអនុវត្តកិច្ចព្រមព្រៀងអាសិបមានប្រសិទ្ធិភាព។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតលេខាធិការដ្ឋានអាសិប នៅក្នុងទីក្រុងភ្នំពេញជាការជំរុញឱ្យកិច្ចព្រមព្រៀងនេះមានដំណើរការរលូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាលើកឡើងថា ដំណើរការនាំចេញតាមរយៈកិច្ចព្រមព្រៀងអាសិបនេះមានជាបណ្តើរៗ ប៉ុន្តែដើម្បីឱ្យដំណើរការនេះមានប្រសិទ្ធភាពពេលលេញ ទាមទារឱ្យមានការបង្កើតការិយាល័យអគ្គលេខាធិការដ្ឋានអាសិប ដែលសំណើរតាំងការិយាល័យនេះនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានស្នើតាំងពី១០ឆ្នាំមុន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកថា នេះជារឿងសមស្រប ក្នុងការជំរុញកិច្ចដំណើរការកិច្ចព្រមព្រៀងអាសិបឲ្យមានប្រសិទ្ធភាព។

លោកបានបន្តថា “ការបង្កើតលេខាធិការដ្ឋាន នឹងជំរុញឱ្យមានដំណើរការល្អ គ្រប់ជ្រុងជ្រោយ។ ប្រសិនបើមិនមានអគ្គលេខាធិការដ្ឋានដើម្បីដំណើរការទេ នោះទេ វានឹងខ្វះចន្លោះប្រហោងណាមួយ ដែលយើងមិនអាចដោះស្រាយទាន់ពេលវេលា”។

កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។ កិច្ចព្រមព្រៀងនេះ គ្រប់ដណ្តាប់លើប្រជាជនប្រមាណ២,២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក និងមានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here