មន្រ្តីជាន់ខ្ពស់ផ្សារមូលបត្រមានសុទិដ្ឋិនិយមពីកំនើននៃការជួញ ដូរភាគហ៊ុននៅឆ្នាំ២០២៣

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃផ្សាតមូលបត្រកម្ពុជា បានបង្ហាញសុទិដ្ឋិ​និយម ចំពោះកំនើនទឹកប្រាក់លើការជួញដូរនៅផ្សារហ៊ុនកម្ពុជា ខណៈវិស័យថ្មីនេះ ទទួលបានការចាប់អារម្មណ៍ពីសសាធារណៈជន។

អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា ​(CSX) ​លោក ហុង សុហួរបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះ​ថា ជាមួយ​នឹង​ការ​កើន​នៃ​ចំណាប់អារម្មណ៍​របស់​សាធារណជន​ លើ​ការវិនិយោគ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា នឹង​សម្រេច​តាម​គោលដៅ​ ដែល​បានដាក់​ឱ្យមាន​ទំហំ​ជួញដូរ​ក្នុងទំហំទឹកប្រាក់១​លាន​ដុល្លារ​ក្នុង​១ថ្ងៃ នៅ​ឆ្នាំក្រោយ និង​១០០ លាន​ដុល្លារ​នៅក្នុង​រយៈពេល​៧​ឆ្នាំ​ទៅមុខ​។

លោកបានថ្លែងអំពីពិព៌ណផ្សារហ៊ុនកាលពីសប្តាហ៍មុនថា ក្នុង​រយៈពេល៣​ថ្ងៃ ​នៃ​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា My First Stock ឆ្នាំ​ ២០២២ ដែល​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​ ២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​ មាន​វិនិយោគិន​ថ្មី​ជាង២ពាន់​នាក់ ​បានស្នើ​បើក​គណនី​ជួញដូរ​ភាគហ៊ុន ដែល​ស្មើនឹង​បរិ​មាណនៃ​ការបើក​គណនី​រយៈពេល​៧​ខែ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “​ជារួម​យើង​ឃើញថា សាធារណជន​មានការ​ចាប់​អារម្មណ៍​ ពី​ទីផ្សារ​របស់​យើង​ច្រើនជាង​ការ ដែល​យើង​បានរៀបចំ​កន្លងៗ​មក”។ លោកបន្តថា “នេះ​ជា​ក្តីសង្ឃឹម​ដ៏ធំ​សម្រាប់​យើង​។ យើង​ក៏បាន​សង្កេតឃើញ​មុនពេល​ចាប់ផ្តើម ​ដំណើរការ​កម្មវិធី​យើង​គឺ​ការចាប់អារម្មណ៍​ច្រើន ហើយ​សកម្មភាព​ជួញដូរ​ក៏​កើនឡើង​ដែរ​”។

លោក​បញ្ជាក់ថា​ ​ការ​កើនឡើង​នេះ ​កាន់តែ​ផ្តល់​ក្តីសង្ឃឹម​ដល់​យើង​ដែល​បានកំណត់​គោលដៅ​ ឱ្យបាន​ទំហំ​ជួញដូរ​១​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ​នៅក្នុង​ឆ្នាំ​ខាងមុខនេះ គឺ​យើង​នឹង​អាច​សម្រេចបាន​។

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា​បាន​លើកឡើង​ក្នុង​ថ្ងៃ​បើក​ពិព័រណ៍​ផ្សារហ៊ុន​ថា គិត​ត្រឹម​ត្រីមាស​ទី៣ ឆ្នាំ​ ២០២២ SERC បានផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​ចំនួន៣៣,១៨៦ ដែល​ក្នុងនោះ​វិនិយោគិន​ សញ្ជាតិ​ខ្មែរ​មាន​២៨,៦១៨នាក់ និង​វិនិយោគិន​បរទេស​ចំនួន៤៥៦៨នាក់​។

លោក​បន្តថា “​ដើម្បី​ជំរុញ​ទីផ្សារ​យើង​ឱ្យ​កាន់តែ​សកម្ម និង​អាច​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​តំបន់ ខ្ញុំ​សូមឱ្យ​ក្រុមហ៊ុន​មូលបត្រ និង​ក្រុមហ៊ុន​បោះផ្សាយ​ចូលរួម​យ៉ាងសកម្ម ​ក្នុង​ការ​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ផ្សារមូលបត្រ​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here