ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនបានកើនឡើង១៥ភាគរយជាមួយទំហំទឹកប្រាក់ជិត១៥០០លានដុល្លារ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា ជប៉ុនបានបង្ហាញសញ្ញាវិជ្ជមានជាមួយនឹងទំហំនៃការ​នាំ​ចេញ-​នាំចូល​​ទំនិញ​រវាង​​កម្ពុជា-​​ជប៉ុន​នៅក្នុង​រយៈ សម្រេច​បាន​​​ជិត១,៥ ​ពាន់លាន​​ដុល្លារ​​ កើន​​ជាង ១៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។

ទំហំពាណិជ្ជកម្មនេះ គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំនេះ ខណៈ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ មាន​ឧត្តមភាព​​ជិត៣០០​លាន​ដុល្លារ​។ នេះ​បើតាម​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ ​ជា​មួយ​ប្រទេស​សំខាន់​​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២២ ការ​ធ្វើ​ពាណិជ្ជកម្ម​​កម្ពុជា​​-​ជប៉ុន មានទំហំ​ទឹក​ប្រាក់​សរុប១ ៤៩៩,៥​ លាន​ដុល្លារ កើន​ឡើង​ចំនួន​១៥,១​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ មាន​១៣០២,៦៧ ​លាន​ដុល្លារ។

​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទៅ​​ជប៉ុន ​ក្នុង​​​ពេល៩ ​​ខែ​ឆ្នាំ​២០២២ គឺ​ចំនួន​ ៨៩៧,៦៩ ​លាន​ដុល្លារ កើនឡើង៨,៥ភាគរយ​ពី​ចំនួន៨២៧,៤៩ ​លាន​ដុល្លារ និង​ការ​នាំ​ពី​ជប៉ុន​មក​កម្ពុជាមានទំហំទឹកប្រាក់៦០១,៨ ​លាន​ដុល្លារ កើន ២៦,៦ ​ភាគរយ ពី​ចំនួន ​៤៧៥,១៨ ​លាន​ដុល្លារ​។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បាន​មានប្រ​សាសន៍ឱ្យ​ដឹង​ថា វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ​បាន​កើន​ឡើង​ជា​លំដាប់ ជា​ពិសេស​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​បាន​និង​កំពុង​ជួយ​ឱ្យ​ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា ​ទៅ​ទីផ្សារ​ជប៉ុន​មាន​កាន់តែ​ច្រើន។ លោកបន្តថា កំណើន​នៃ​ការ​វិនិយោគ​របស់​ជប៉ុន គឺ​ជា​ព័ត៌មាន​សំខាន់​សម្រាប់​វិនិយោគិន​បរទេស​មួយ​ចំនួន ដែល​តែង​ចាំ​មើល​ការ​បោះ​ជំហាន​របស់​វិនិយោគិន​ជប៉ុន ព្រោះ​ពួកគេ​យល់​ថា​ប្រទេស​ណា ​ដែល​វិនិយោគិន​ជប៉ុន​​ទៅ​បណ្តាក់​ទុន​ច្រើន គឺជា​កន្លែង​មាន​ស្ថិរភាព​នយោបាយ មាន​សុវត្ថិភាព មាន​ច្បាប់​វិនិយោគ​ល្អ និង​មាន​ទីផ្សារ​នាំចេញ​រឹងមាំ។

លោក​បន្ថែម​​​ថា “ក្រៅ​ពី​ការ​បណ្តាក់ទុន​ ប្រទេស​ជប៉ុន​ក៏​បាន​​​រួមចំណែក​​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​តាមរយៈ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​​ថ្នល់ និង​ការ​បណ្តុះបណ្តាល​ធនធាន​​មនុស្ស​​ផង​ដែរ”។ លោក​បន្តថា “ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី​​កម្ពុជា និង​ជប៉ុន​ ក៏​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​​ជ្រុងជ្រោយ​​តំបន់​ ​(RCEP) ដែល​​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​លើ​ពិភពលោក​​ផងដែរ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here