៩ខែដើមឆ្នាំ២០២២ ឡាវទទួលបានកំណើនភ្ញៀវទេសចរឈានដល់ជាង១លាននាក់

សុខុម

វៀងចន្ទន៍: ប្រទេសឡាវ ទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើនឡើង ចាប់តាំងពីប្រទេសនេះបានលុបចោលវិធានការរឹតបន្តឹងការធ្វើដំណើរ កាលពីខែឧសភា បន្ទាប់ពីវិបត្តិកូវីដ-១៩ថមថយ។

ហើយក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២ ពោលគឺពីខែមករា ដល់ខែកញ្ញា ប្រទេសឡាវ ទទួលបានចំនួនភ្ញៀវទេសចរជាង១លាននាក់ ដោយកើនឡើង៣៩%បើធៀបឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា។

ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន៦៤៤.៧៥៦នាក់ក៏ត្រូវបានរាប់បញ្ចូលក្នុងតួលេខនេះផងដែរ ដោយភាគច្រើន នៃភ្ញៀវទេសចរអន្តរជាតិទាំងនោះ ទៅពីប្រទេសថៃ និងប្រទេសវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថិតិបង្ហាញថា ភ្ញៀវទេសចរដែលស្ថិតក្នុងដំណើរកម្សាន្តជាក្រុម ជាធម្មតាស្នាក់នៅក្នុងប្រទេសឡាវ ជាមធ្យមរយៈពេល២,៥ថ្ងៃ ហើយចំណាយប្រមាណម្នាក់៤៥ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរដែលធ្វើដំណើរតែឯងស្នាក់នៅ ជាមធ្យម៧,៩ថ្ងៃ ហើយម្នាក់ចំណាយប្រមាណ៨៣ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។

អាជ្ញាធរទេសចរណ៍ឡាវ រំពឹងទទួលបានប្រាក់ចំណូលជាង២២៥លានដុល្លារអាមេរិក ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឆ្នាំនេះ។ អាជ្ញាធរក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យអាជីវកម្មនានា ដែលទាក់ទងនឹងទេសចរណ៍រស់រានឡើងវិញផងដែរ និងបង្កើតប្រាក់ចំណូល ដើម្បីកាត់បន្ថយកម្រិតនៃភាពក្រីក្រ។

រដ្ឋាភិបាលឡាវ សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៩០០.០០០នាក់ក្នុងឆ្នាំនេះ ដែលអាចរកប្រាក់ចំណូលបានជាង២១៨លានដុល្លារអាមេរិក។ វាក៏អាចជួយប្រទេសឡាវ ស្ដាររូបិយប័ណ្ណបរទេសបម្រុងរបស់ខ្លួនឱ្យឈានដល់កម្រិតមួយ ដែលមានសារៈសំខាន់ សម្រាប់ការនាំចូលទំនិញសំខាន់ៗផងដែរ៕ Laotian Times៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here