ប្រទេសកម្ពុជាគ្រោងស្នើសុំហិរញ្ញប្បទានប្រមាណ៥៤លានដុល្លារ​ពីអាល្លឺម៉ង់បន្ថែមទៀត

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជា-អាល្លឺម៉ង់ បើកកិច្ចប្រជុំពិគ្រោះយោបល់ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​ឆ្នាំ២០២២ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង​ ឬកម្មវិធីហិរញ្ញប្បទាន ដែលបើកផ្តល់​ដោយ​ភាគីអាល្លឺម៉ង់ ​និងសំណើរគម្រោងថ្មីចំនួន២៧គម្រោង ស្មើនឹង១៩៤លានអឺរ៉ូ ​និងប្រមាណ៥៤លានដុល្លារ​ ដែលគ្រោងអនុម័ត ក្នុងនៅពេលខាងមុខ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី១៩-២០ ខែតុលា នៅទីស្តីការ បើកកិច្ច​ប្រជុំពិគ្រោះយោបល់ ​នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២២​ រវាងរាជរដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់​ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ឬកម្មវិធី​ហិរញ្ញប្បទាន ​ដែលបើកផ្តល់ដោយភាគីអាល្លឺម៉ង់ ​និងសំណើម្រោងថ្មីចំនួន២៧គម្រោង ស្មើនឹង១៩៤លានអឺរ៉ូ និងប្រមាណ៥៤លានដុល្លារ ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ទៅភាគីអាល្លឺម៉ង់ សម្រាប់​អនុម័តក្នុងកិច្ចចរចាទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ​ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីប្រទេសទាំងពីរ បានពិភាក្សាលើទិដ្ឋភាពសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ​ដោយផ្តោតលើប្រធានបទចំនួនរួមមាន ការស្តារឡើងវិញនៃសង្គមសេដ្ឋកិច្ច​តាម​ប្រក្រតិកម្មថ្មីរបស់រាជរដ្ឋាភិបាល ទិសដៅយុទ្ធសាស្ត្រ ​នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់​ និងវិស័យអាទិភាពចំនួន ០៤ផ្សេងទៀតគឺ ​សុខាភិបាល ​និងគាំពារសង្គម ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព អភិបាលកិច្ច និងថាមពល និងអាកាសធាតុ។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ​គណៈកម្មាធិការនីតិសម្បទា​ និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ​និងប្រជាជនអាល្លឺម៉ង់ ដែលបានបន្តរួមចំណែកយ៉ាងសំខាន់ក្នុង​កិច្ច​អភិវឌ្ឍន៍របស់កម្ពុជា។

ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ ​ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និង​ឯកភាពលើអាទិភាពថ្មីៗ ស្របតាមបរិការណ៍សេដ្ឋកិច្ច តំបន់ ​និងសកល ដែលកំពុងវិវត្តន៍យ៉ាងឆាប់​រហ័ស ​សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here