ធនាគារកណ្ដាលរបស់មហាយក្សចិនប្ដេជ្ញាអនុវត្តគោលនយោបាយរូបិយវត្ថុឱ្យបានកាន់តែល្អប្រសើរ

សុខុម

ប៉េកាំង: ធនាគារកណ្តាលរបស់មហាយក្សចិន បានប្ដេជ្ញាអនុវត្តគោលនយោបាយរូបិយវត្ថុដ៏ប្រយ័ត្នប្រយែងរបស់ខ្លួនឱ្យបានកាន់តែប្រសើរ និងបង្កើតបរិយាកាសល្អសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ច និងការងារ។

លោក Pan Gongsheng ទេសាភិបាលរង នៃធនាគារប្រជាជនចិន (People’s Bank of China) ដែលជាធនាគារកណ្ដាល របស់ប្រទេសនេះបានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ធនាគារកណ្តាលចិនបាន និងកំពុងព្យាយាមជំរុញកំណើន ខណៈជៀសវាងការបន្ធូរបន្ថយខ្លាំងពេក ស្របពេលធនាគារកណ្ដាលអាមេរិក (Federal Reserve) និងធនាគារកណ្ដាលផ្សេងៗទៀត ដំឡើងអត្រាការប្រាក់ ដើម្បីទប់អតិផរណា ដែលកំពុងកើនឡើងខ្ពស់។

លោក Pan Gongsheng បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងសមាជបក្សកុម្មុយនិស្តចិន ដែលធ្វើឡើង រៀងរាល់៥ឆ្នាំម្តងថា “យើងនឹងអនុវត្តគោលនយោបាយរូបិយវត្ថុ ដ៏ប្រយ័ត្នប្រយែង ឱ្យបានកាន់តែល្អប្រសើរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមទៀតថា “យើងនឹងបង្កើតបរិយាកាសរូបិយវត្ថុ និងហិរញ្ញវត្ថុដ៏ល្អ សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច ស្ថិរភាពការងារ តម្លៃទិញ និងតុល្យភាពនៃការទូទាត់អន្តរជាតិ”។

សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះបានស្ទុះងើបឡើងវិញខ្លះហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីប៊ិះនឹងធ្លាក់ចុះ ក្នុងត្រីមាសទី២។ ទោះជាយ៉ាងណា ការស្ទុះងើបឡើងវិញនេះគឺនៅតិចតួចនៅឡើយ ដោយសារផលប៉ះពាល់បណ្ដាលមកពីវិបត្តិកូវីដ-១៩ និងវិបត្តិអចលនទ្រព្យ ដែលធ្លាក់ចុះកាន់តែជ្រៅ។

លោក Pan Gongsheng ថ្លែងថា ប្រទេសចិន នឹងរក្សាអត្រាប្តូរប្រាក់យ័នឱ្យនៅថេរ និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយហានិភ័យហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here