រដ្ឋមន្ត្រីកសិកម្មថ្មី៖ កុំព្យាយាមទាមទារឱ្យកសិផលឡើងថ្លៃតែគួរព្យាយាមកាត់បន្ថយការចំណាយ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្រោយពេលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី លោកឌិត ទីណា ឡើងកាន់ដំណែងភ្លាម ប្រជាកសិករ និងមហាជនជាច្រើន បានទាមទារឱ្យរដ្ឋមន្ត្រីថ្មីរូបនេះ ជួយជំរុញឱ្យផលិតកសិកម្មឡើងថ្លៃ ដើម្បីជួយដល់កសិករ ខណៈផលិតផលកសិកម្មកម្ពុជាតែងតែមានតម្លៃទាប និងមិនអាចទូទាត់ជាមួយនឹងការចំណាយ។

រដ្ឋមន្ត្រីថ្មីរូបនេះបានបញ្ជាក់ថា កុំព្យាយាមជំរុញឱ្យកសិផលឡើងថ្លៃ តែគួរព្យាយាមកាត់បន្ថយថ្លៃដើមក្នុងការផលិតទៅវិញ ទើបបានផល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍នៅក្នុងជំនួបជាមួយពលរដ្ឋរងគ្រោះ ដោយទឹកជំនន់កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា នៅពេលឡើងកាន់ដំណែងជារដ្ឋមន្ត្រីភ្លាម ឬមុនពេលលោកឡើងកាន់ដំណែង អ្វីដែលលោកបានលឺច្រើនជាងគេ គឺការចង់បានរបស់កសិករក្នុងការជំរុញឱ្យកសិផលឡើងថ្លៃ។

លោកបន្តថា ដំណោះស្រាយនៃបញ្ហារបស់កសិករ មិនស្ថិតនៅលើកសិផលឡើងថ្លៃនោះទេ ប៉ុន្តែវាស្ថិត នៅលើផលចំណេញរបស់បងប្អូនកសិករច្រើន។ បើសិនជាយើងចំណាយ១០ ហើយយើងបានចំណូលមកវិញ១១ នោះមានន័យថាយើងចំណេញ១។ អ្នកខ្លះបានចំណូលតែ៥ទេ តែការចំណាយរបស់គេអស់តែ១ នោះមានន័យថា គេចំណេញរហូតដល់៤ឯណោះ គឺច្រើនជាងអ្នក ដែលបានចំណូល១០តែចំណេញ១។

លោកបន្ថែមថា អ្វីដែលលោកកំពុងគិតក្នុងគោលនយោបាយកសិកម្ម ក្រោយឡើងកាន់ដំណែង គឺមិនមែនជំរុញឱ្យឡើងថ្លៃ ដោយបង្កការលំបាកដល់មនុស្សជាច្រើនទៀត ដែលត្រូវការហូបចុកនោះទេ ។ ការឡើងថ្លៃកសិផលមិនបានជួយដល់អ្នកប្រើប្រាស់ទេ តែបើទំនិញទាំងនោះឡើងថ្លៃ ការចំណាយរបស់ពួកគាត់ក៏ខ្ពស់ដែរ។

លោកបញ្ជាក់ថា លោកចង់ឃើញ ពលរដ្ឋផលិតនូវកសិផល ដែលមានចំណាយតិច ហើយចំណេញច្រើន ដូចជាការប្រើប្រាស់ជី ឱ្យសមស្រប យកវត្ថុធាតុដើមក្នុងការផលិត ដោយមិនចាំបាច់ចំណាយលុយទិញ នោះការផលិតនឹងកាន់តែធ្លាក់ចុះ ហើយចំណេញកាន់តែច្រើន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here