ADBអនុម័តហិរញ្ញប្បទាន៣២,៥ លានដុល្លារអាមេរិកជួយកម្ពុជាក្នុងការជំរុញសេវាសុខាភិបាលតាមព្រំដែន

   ដោយៈ លក្ខិណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានចំនួន ៣២,៥ លានដុល្លារ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកប ដោយគុណភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែលពលរដ្ឋចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នកដែលស្វែងរកការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍នៅល្ងាចថ្ងៃទី១៩ តុលា២០២២។

សេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គ(GMS)កម្ពុជា នឹងពង្រីកការគ្របដណ្តប់នៃការថែទាំសុខភាព សម្រាប់ពលករចំណាកស្រុក ដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅប្រទេសមិនទាន់ទៅដល់ និងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដែលជនចំណាកស្រុកឆ្លងកាត់ និងរស់នៅ។

គម្រោងនេះនឹងបង្កើនកម្ចីសម្បទានចំនួន២៧លានដុល្លារ និងជំនួយរហូតដល់៥,៥លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់ព្រំដែន ពង្រីកកិច្ចគាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែរទាំសុខភាពដល់ជនចំណាកស្រុក និងពង្រឹងប្រព័ន្ធសម្រា​ប់សមាហរណកម្ម នៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំងការបង្កើតឱ្យមានកំណត់ត្រាសុខភាព អេឡិចត្រូនិចចល័តសម្រាប់ជនចំណាកស្រុកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Rikard Elfving មានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់ នៅទូទាំងមហាអនុតំបន់មេគង្គ បានជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាការចល័តរបស់មនុស្សកាន់តែច្រើន ដើម្បីស្វែងរកការងារ និងឱកាសកាន់តែប្រសើរ”។លោកបន្តថា “វាក៏បានបង្កជាបញ្ហាប្រឈមផ្នែកសុខភាព ដែលទាក់ទងនឹងការចល័តរបស់មនុស្ស សម្រាប់តំបន់ព្រំដែនដែលភ្ជាប់ទៅនឹងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ”។

ប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែនជារឿយៗ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាព ដែលទាក់ទងនឹងការចល័តរបស់មនុស្ស ដូចដែលបានឃើញក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ នៅពេលដែលពលករចំណាកស្រុកកម្ពុជាជាង ២៦0.000 នាក់បានត្រឡប់មកផ្ទះវិញ។ ពួកគាត់ភាគច្រើនបានត្រឡប់មកវិញតាមព្រំដែនដីគោកជាមួយប្រទេសថៃ ដែលបានធ្វើឱ្យហួសសមត្ថភាពនៃប្រព័ន្ធសុខាភិបាល នៅតាមព្រំដែនក្នុងការកំណត់ ធ្វើចត្តាឡីស័ក និងព្យាបាលករណីកូវីដ១៩។

បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ បានឯកភាពរួមគ្នាលើតម្រូវការក្នុងការពង្រឹងការការពារ សហគមន៍ងាយរងគ្រោះពីផលប៉ះពាល់សុខភាពនៃការធ្វើសមាហរណកម្មក្នុងតំបន់ និងបានផ្តល់អាទិភាព ដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែន។ ការវិនិយោគលើប្រព័ន្ធសុខាភិបាលប្រកបដោយ បរិយាបន្នសម្រាប់ជនចំណាកស្រុកនឹងជួយសម្រួលដល់ការបន្តការធ្វើចំណាកស្រុកដោយសុវត្ថិភាព ដែលមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញ ក្រោយកូវីដ១៩ ក្នុងមហាអនុតំបន់។

គម្រោងសុខភាពតំបន់ព្រំដែន មហាអនុតំបន់ទន្លេមេគង្គនេះ នឹងផ្អែកលើបទពិសោធន៍របស់ ADB ក្នុងការគាំទ្រកម្មវិធីគ្រប់គ្រងជំងឺឆ្លង ហើយនឹងរួមបញ្ចូលមេរៀនពីការឆ្លើយតប និងការស្តារឡើងវិញរបស់កម្ពុជាពីជំងឺរាតត្បាតកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here